កិច្ចសហការដ៏សកម្មមួយក្នុងកិច្ចការពារកុមារនៅតាមប្រព័ន្ធអនឡាញ
រាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នអនុវត្តន៍ច្បាប់ យុវជន និង វិស័យឯកជនបានចូលរួមនៅក្នុងវេទិកាព័ត៌មានវិទ្យាអាស៊ានស្ដីពី “កិច្ចគាំពារកុមារតាមប្រព័ន្ធអនឡាញ”

- English
- Khmer
“កាលពួកយើងនៅក្មេង មានជនអនាមិកម្នាក់បានទាក់ទងមិត្តភ័ក្តិខ្ញុំតាមប្រព័ន្ធអនឡាញ។ ជននោះបានផ្ញើរូបថត និងវីដេអូអាសអាភាសជាច្រើនឲ្យនាង។ មិត្តខ្ញុំនាងខឹងយ៉ាងខ្លាំង ហើយមានអារម្មណ៍មិនស្រណុកក្នុងខ្លួនទាល់តែសោះ ។” នេះគឺជាសម្ដីរបស់យុវតី សាន ស្រីនាង អាយុ ១៨ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
យុវជន គួច ឆេងគ័ង ដែលអង្គុយក្បែរស្រីនាង ក៏បានងក់ក្បាលទទួលស្គាល់ថាពិតជាមានករណីដូច្នេះមែន ។ ឆេងគ័ងបានឲ្យដឹងទៀតថា “រឿងនេះបានកើតឡើងទៅលើយុវតីម្នាក់ដែលខ្ញុំបានស្គាល់ផងដែរ។ យើងរៀននៅថ្នាក់វិទ្យាល័យជាមួយគ្នា នាងបានប្រាប់ខ្ញុំថា នាងធ្លាប់បានទទួលសារអាសអាភាសជាច្រើនពីជនអនាមិក។ នាងមានស្មារតីរឹងមាំ ហើយក៏បានលុបសារទាំងនោះចោល ប៉ុន្តែវានៅតែមានហានិភ័យខ្លាំងណាស់សម្រាប់យុវជន។ ជាពិសេសកុមារ និងយុវជនមិនគួរប្រឈមទៅនឹងហានិភ័យទាំងនោះឡើយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានស្មារតីរឹងមាំអាចដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯងបានទេ។”
ស្រីនាង និងឆេងគ័ងបាននិយាយប្រាប់យើងអំពីរឿងរ៉ាវទាំងនេះនៅក្នុងវេទិកាព័ត៌មានវិទ្យាអាស៊ានស្ដីពី “កិច្ចគាំពារកុមារតាមប្រព័ន្ធអនឡាញ” ដែលជាវេទិកាទីមួយផ្ដល់ការគាំពារដល់កុមានៅលើប្រព័ន្ធអនឡាញ និងក៏ជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការសម្រេចគោលដៅលើកកម្ពស់កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញផងដែរ។ វេទិកានេះគឺជាវេទិកាចម្រុះ ដោយមានការរៀបចំជាវីដេអូខន់ហ្វឺរឹននៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមដោយផ្ទាល់ក្នុងវេទិកាចំនួន ១០០ នាក់ និងចូលរួមតាមអនឡាញចំនួន ៣៣៨ នាក់ ជាអ្នកតំណាងមកពីតំបន់អាស៊ានទាំងមូល។ ដោយចូលរួមដោយផ្ទាល់នៅក្នុងវេទិកានេះនៅរាជធានីភ្នំពេញ មានវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជារយូនីសេហ្វជាដើម ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអនុវត្តន៍ច្បាប់ ក្រុមយុវវ័យ និងបណ្ដាអ្នកតំណាងជាន់ខ្ពស់ពីវិស័យឯកជន ដែលជាតួអង្គដ៏សំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពកុមារតាមប្រព័ន្ធឡាញ ដូចជាក្រុមហ៊ុន Smart ជាដើម ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ។

ឯកឧត្តម អៀម គន្ធឌី ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឡើងបើកវេទិកានេះ ។ ឯកឧត្តមមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីការពារកុមារនៅតាមប្រព័ន្ធអនឡាញ។ វេទិកានេះគឺជាឱកាសមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន វិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍នានាដើម្បីការពារកុមារ ។”
នៅទូទាំងតំបន់អាស៊ាន អ្នកតំណាងមកពីរដ្ឋាភិបាលនានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានចូលរួមនៅក្នុងវេទិកានេះដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ ស្រីនាង និងឆេងគ័ងគឺជាយុវជនដំបូងដែលនឹងឡើងថ្លែងនៅក្នុងសន្និសីទនេះដោយបានជំរុញ និងទទូចដល់អ្នកពាក់ព័ន្ធនានាឲ្យរួមគ្នាធ្វើការងារបន្ថែមទៀតដើម្បីការពារកុមារ ។
“កុមារ និងក្មេងជំទង់ប្រើប្រាស់អ៊ិនធឺណែតច្រើនទៅៗ ជាពិសេសនៅក្នុងពេលរីករាលដាលជំងឺកូវីដ នៅពេលដែលសាលារៀនបានបិទទ្វារ ហើយការធ្វើដំណើរត្រូវបានរិតត្បឹត ដូច្នេះមនុស្សក៏ងាកមកទំនាក់ទំនងគ្នាតាមប្រព័ន្ធអនឡាញវិញ។ “នេះជាសម្ដីដែលលោកឆេងគ័ងនៅពេលដែលប្អូនឡើងថ្លែងលើវេទិកា។ ប្អូនបានបន្តទៀតថា “យើងជាយុវជនត្រូវប្រើប្រាស់អ៊ិនធឺណែតដោយទទួលខុសត្រូវ និងមានវិធានការការពារ។ ខ្ញុំសូមស្នើឲ្យវិស័យឯកជនជួយការពារកុមារ និងមនុស្សងាយរងគ្រោះពីមាតិកាលើបណ្តាញសង្គមដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកទស្សនា។ វិស័យឯកជនក៏គួរសហការជាមួយរាជរដ្ឋាភិបាលនៅក្នុងការបង្កើតកម្មវិធីសិក្សាដើម្បីជួយដល់កុមារលើបញ្ហានេះផងដែរ ។”
ជាការពិតណាស់ របាយការណ៍ថ្មីៗនេះដែលដកស្រង់ចេញពី “របាយការណ៍ស្ដីពីការបញ្ឈប់គ្រោះថ្នាក់ជាសកល” របស់យូនីសេហ្វ បានបង្ហាញឲ្យឃើញអំពីទំហំធំធេងនៃបញ្ហានេះ។ មានកុមារកម្ពុជាលើសពីមួយនាក់នៅក្នុងចំណោមកុមារកម្ពុជាចំនួនដប់នាក់ អាយុចន្លោះពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ធ្លាប់បានទទួលរងនូវការកេងប្រវ័ញ្ច ឬការរំលោភបំពានផ្លូវភេទក្នុងទម្រង់ផ្សេងៗគ្នានៅតាមប្រព័ន្ធអនឡាញ។
លោកស្រី ដេបូរ៉ា ខូមីនី នាយិកាយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍នៅក្នុងវេទិកានោះ និងបានចែករំលែកនូវក្ដីកង្វល់របស់លោកឆេងគ័ងផងដែរ។ លោកស្រីបានលើកឡើងថា “បច្ចេកវិទ្យាឌីជីថលផ្ដល់ឲ្យកុមារនូវឱកាសមិនធ្លាប់មាននៅក្នុងការភ្ជាប់ទំនាក់ទំនង ទទួល និងចែករំលែកព័ត៌មាន ប៉ុន្តែបច្ចេកវិទ្យានេះក៏អាចធ្វើឲ្យកុមារប្រឈមនឹងហានិភ័យនៅលើប្រព័ន្ធអនឡាញបានដែរ ដូចជាការសម្លុតគំរាមកំហែងតាមប្រព័ន្ធអ៊ិនធឺណែត ការប្រឈមនឹងការទទួលមាតិកាមិនសមរម្យ ឬខុសច្បាប់ ការបាត់បង់ឯកជនភាព ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។”
ការចូលរួមបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅក្នុងវេទិកានេះពិតជាមានសារសំខាន់ណាស់ ចំពោះតួនាទីចម្បងរបស់ក្រុមហ៊ុនទាំងនោះដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។ “មានឱកាសជាច្រើនសម្រាប់កុមារកម្ពុជា ប្រសិនបើពួកគេអាចទទួលបានសេវាអ៊ិនធឺណែតទូលំទូលាយ និងដោយត្រឹមត្រូវ ។ ”នេះគឺជាសម្ដីរបស់លោកស្រី ចឹម ស្រីអឿន ជាប្រធានផ្នែកកិច្ចការទូទៅ នៃក្រុមហ៊ុន Smart Axiata ដែលបានចូលរួមនៅក្នុងវេទិកានេះ ។
លោកស្រី ចឹម ស្រីអូន ក៏បានទទួលស្គាល់ផងដែរថាហានិភ័យពិតជាមានច្រើននៅក្នុងប្រព័ន្ធអនឡាញ។ “កិច្ចការពារកុមារគឺជាការប្ដេជ្ញាដ៏សំខាន់មួយរបស់ក្រុមហ៊ុនយើង ដែលយើងខ្ញុំនឹងសម្រេចវាឲ្យបាននៅក្នុងរយៈពេលវែង ។ បច្ចុប្បន្ននេះ យើងកំពុងតែសហការជាមួយយូនីសេហ្វ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងថាតើអ៊ិនធឺណែតអាចបង្កគ្រោះថ្នាក់ដូចម្ដេចខ្លះដល់អ្នកប្រើប្រាស់។ យើងបើកចំហរជានិច្ចចំពោះកិច្ចសហការបន្ថែមទៀត ជាមួយនឹងបណ្ដាភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធប្រទាក់ក្រឡាគ្នានេះ ដើម្បីការពារកុមារ និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងវិស័យនេះ ។”
អ្វីដែលសំខាន់ថែមទៀតនោះ គឺអ្នកជំនាញដែលមានតួនាទីដ៏សំខាន់នៅក្នុងការទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទនេះ។ ដូចជាលោក អៀន ដ្រេនណន់ (Iain Drennan) នៃអង្គការ WeProtect Global Alliance ជាដើម លោកបានបង្កចលនាឲ្យមានការជួបជុំគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងអង្គការអន្តរជាតិនានាធ្វើការដោះស្រាយបញ្ហាទាំងនោះ ។ លោកបានកោតសរសើរចំពោះវឌ្ឍនភាពដែលតំបន់អាស៊ានសម្រេចបាន ជាពិសេសប្រទេសកម្ពុជា ហ្វីលីពីន និង ឥណ្ឌូនេស៊ី ។ លោកបន្តទៀតថា “យើងត្រូវតែពិភាក្សាគ្នា ទាំងនៅកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកលលោក។ អ្វីដែលយើងកំពុងធ្វើនាថ្ងៃនេះ គឺជាការងារដ៏សំខាន់ និងក៏ជាការងារដែលយើងរីករាយនឹងធ្វើវាផងដែរ។”
លោកស្រី ចឹម ស្រីអូន បានមានប្រសាសន៍ថា “រឿងសំខាន់ដែលយើងបានដឹងពីវេទិកានេះ គឺថាភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែមានតួនាទីដើម្បីគាំទ្រដល់កិច្ចគាំពារកុមារតាមប្រព័ន្ធអនឡាញ។” ជំហានបន្ទាប់ដែលយើងចង់សម្រេចឲ្យបាន គឺការផ្សព្វផ្សាយព័ត៌មានចាំបាច់ទាំងនេះទៅដល់ឪពុកម្ដាយ អ្នកថែទាំ និងសិស្សវិទ្យាល័យ ទាំងនៅទីក្រុងនិងជនបទ ដើម្បីឲ្យពួកគេបានដឹង និងយល់កាន់តែច្បាស់អំពីគ្រោះថ្នាក់ និងឱកាសដែលអ៊ិនធឺណែតផ្ដល់ឲ្យ ។”
លោកឆេងគ័ងសប្បាយចិត្តណាស់ ដែលបានរួមចំណែកនៅក្នុងវេទិកានេះ ព្រោះវេទិកានេះបានជំរុញដល់បណ្ដាភាគីពាក់ព័ន្ធនៅក្នុងវិស័យការពារកុមារតាមប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងជាមួយគ្នា និងស្រុះស្រួលគ្នាថានឹងខិតខំប្រឹងប្រែង ព្រមទាំងសហការគ្នាបន្ថែមទៀត ។ “យើងត្រូវខិតខំធ្វើការបន្ថែមទៀតដើម្បីបង្កើតបាននូវកិច្ចគាំពារកាន់តែរឹងមាំ ។ ហ្វេសប៊ុក Tik Tok និងកម្មវិធីទូរសព្ទៗសំខាន់ ត្រូវមានភាពឆ្លាតវៃ នៅក្នុងការកំណត់អត្តសញ្ញាណគណនីក្លែងក្លាយ ដោយប្រើប្រាស់ប្រព័ន្ធកាន់តែទំនើបដើម្បីកាត់បន្ថយហានិភ័យទាំងនោះ។ ខ្ញុំគិតថាមុខងារបញ្ញាសប្បនិម្មិត (AI) អាចជួយបាន។ វិស័យឯកជនគួរតែធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ពីព្រោះថាវាកាន់តែងាយស្រួលនៅក្នុងការចាត់វិធានការឆ្លើយតបទៅនឹងករណីល្មើសណាមួយ នៅពេលដែលគ្រប់គ្នាសហការជាធ្លុងមួយ ជាពិសេសនៅក្នុងការកំណត់អត្តសញ្ញាណអ្នករំលោភបំពាន និងជនល្មើស ។”