កិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំង ត្រួសត្រាយផ្លូវទៅរកជីវិតជាប្រក្រតីវិញក្នុងខេត្តបាត់ដំបង
មន្ត្រីជួរមុខដែលបានទទួលព័ត៌មានច្បាស់លាស់ និងផ្តល់សេវាវ៉ាក់សាំងដល់មូលដ្ឋាន ជួយការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

- Available in:
- English
- Khmer
ថ្ងៃពុធ ទី ២៩ ខែធ្នូ ឆ្នាំ ២០២១ – អ្នកស្រី ភ័ក្រ ណារី វ័យ ២៣ ឆ្នាំ អង្គុយរង់ចាំនៅកន្លែងដែលមនុស្សប្រហែលជា ៥០នាក់ ក្នុងគម្លាតសុវត្ថិភាពពីគ្នា ឯមន្ទីរពេទ្យបង្អែកបវេល ក្នុងខេត្តបាត់ដំបង ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ដោយដាក់ដៃលើពោះដែលកំពុងមានគភ៌បណ្តើរ ណារីបាននិយាយថា “ខ្ញុំគ្មានគម្រោងមកចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃនេះឡើយ។ ខ្ញុំគ្រាន់តែអាសាឌុបបងជីដូនមួយរបស់ខ្ញុំមកចាក់តែប៉ុណ្ណោះ ប៉ុន្តែគ្រូពេទ្យបានពន្យល់ថា ដូសជំរុញនេះគឺជាការការពារដ៏ល្អបំផុតសម្រាប់ខ្ញុំ និងកូនក្នុងផ្ទៃ។”
ថ្ងៃនេះ ណារី សប្បាយចិត្តណាស់ ដែលបានទទួលការការពារបន្ថែមមួយជាន់ទៀតពីជំងឺកូវីដ ១៩។ ប៉ុន្តែដំណើរផ្លូវទាក់ទងនឹងវ៉ាក់សាំងកូវីដ ១៩ និងការមានគភ៌របស់នាង ពោរពេញដោយភាពមិនច្បាស់លាស់។ ហើយនាងមិនមែនជាមនុស្សតែម្នាក់នោះទេដែលជួបនឹងរឿងបែបនេះ។ សម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា និងនៅទូទាំងសកលលោក ការសម្រេចចិត្តទៅចាក់វ៉ាក់សំាងមិនមែនជារឿងសាមញ្ញនោះឡើយ។
កាលពីខែមិថុនា នៅពេលដែលណារីបានទទួលវ៉ាក់សាំងដូសដំបូង នាងមិនបានដឹងខ្លួនថាមានផ្ទៃពោះនោះទេ។ មិនយូរប៉ុន្មានក្រោយទទួលបានដូសទី ២ ទើបនាងដឹងថាខ្លួនមានផ្ទៃពោះ ហើយពេលនោះនាងបារម្ភយ៉ាងខ្លាំងចំពោះកូនក្នុងផ្ទៃរបស់នាង។ នាងនិយាយថា “ខ្ញុំបារម្ភខ្លាចកូនរបស់ខ្ញុំលូតលាស់ក្នុងផ្ទៃមិនបានល្អ”។
ភ្លាមៗនោះនាងបានពិភាក្សាជាមួយឆ្មបដែលនាងទៅពិនិត្យផ្ទៃពោះជាមួយ។ ឆ្មបរូបនោះបានប្រាប់នាងថា ទាល់តែគភ៌អាយុបាន៤ខែ ទើបពេទ្យអាចសន្និដ្ឋានអំពីស្ថានភាពលូតលាស់របស់ទារកក្នុងផ្ទៃបាន។ ដល់ពេលនោះ ទារកក្នុងផ្ទៃរបស់នាងលូតលាស់ធំល្មមនឹងអាចឆ្លុះអេកូដឹងយ៉ាងច្បាស់អំពីការអភិវឌ្ឍកាយសម្បទា និងធ្វើតេស្តលើទឹកភ្លោះ ដើម្បីកំណត់ពីភាពមិនប្រក្រតីនានា។ ណារីរាប់ថ្ងៃយ៉ាងអន្ទះសារ ទន្ទឹងរង់ចាំឲ្យដល់ថ្ងៃណាត់ទៅពិនិត្យផ្ទៃពោះឆាប់ៗ។ “នៅពេលដែលគ្រូពេទ្យនិយាយថាកូនរបស់ខ្ញុំកំពុងលូតលាស់ល្អប្រសើរ ក្តីបារម្ភ និងភាពអន្ទះអន្ទែងក្នុងចិត្តរបស់ខ្ញុំបានរលាយបាត់អស់។ ខ្ញុំធូរស្បើយក្នុងចិត្តជាខ្លាំង” ណារីរៀបរាប់។

លោក លីវ សល់ គឺជាបងជីដូនមួយរបស់ណារី គាត់សុំឱ្យនាងជូនមកចាក់វ៉ាក់សាំងដូសជំរុញ ព្រោះគាត់មើលផ្លូវមិនសូវឃើញ ហើយមិនអាចបើកម៉ូតូខ្លួនឯងបាន។ សល់បានដឹងពីការចាក់ដូសជំរុញនៅថ្ងៃនេះ ក៏ដូចជាវ៉ាក់សាំងដូសកន្លងមក ពីការប្រកាសតាមឧបករណ៍បំពងសំឡេងនៅក្នុងភូមិរបស់គាត់។ នៅពេលដែលដល់វេនគាត់ត្រូវចាក់វ៉ាក់សាំង គាត់មិនដែលខកខានឡើយ។ សល់ពន្យល់ថា “មុនពេលខ្ញុំបានចាក់វ៉ាក់សំាង ខ្ញុំខ្លាច ហើយមិនដែលហ៊ានចេញពីផ្ទះឡើយ។ ខ្ញុំមិនអាចចេញទៅលក់សាឡាដ ត្រកួន និងស្ពៃ នៅឯផ្សារដូចកាលមិនទាន់ផ្ទុះកូវីដឡើយ។ នៅពេលដែលខ្ញុំឮប្រកាសក្នុងភូមិថាឥឡូវនេះមានការបើកឱ្យចាក់វ៉ាក់សាំងខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទៅចាក់។ អារម្មណ៍មានសុវត្ថិភាព និងអាចត្រឡប់ទៅលក់ដូររកស៊ីវិញបាន គឺពិតជាគួរឲ្យរីករាយណាស់។”
នៅក្នុងភូមិរបស់ណារី និងសល់ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅពឹងអាស្រ័យលើកសិកម្មខ្នាតតូច និងចំណាកស្រុកទៅធ្វើការតាមរដូវកាលក្នុងប្រទេសថៃ។ មុនពេលមានជំងឺកូវីដកើតឡើង ណារី រកចំណូលពីការងារធ្វើជាចុងភៅម្ហូបការ និងរកចំណូលបន្ថែមពីការធ្វើស្រែចម្ការលក្ខណៈគ្រួសារ។ ការរាតត្បាតនៃជំងឺកូវីដ ១៩ បានផ្អាកការជួបជុំជាទ្រង់ទ្រាយធំដូចជាពិធីអាពាហ៍ពិពាហ៍ជាដើម ប៉ុន្តែវាមិនបានបញ្ឈប់ការដាំដុះដំណាំឡើយ។ ទោះជាយ៉ាងនេះក្តីការបិទផ្សារញឹកញាប់ និងការបិទខ្ទប់ទីក្រុងធ្វើឱ្យចំណូលរកបានមិនទៀងទាត់។ ណារីពន្យល់បន្ថែមទៀតថា “តម្លៃលក់ចេញនៃផលដំណាំធ្លាក់ចុះ ប៉ុន្តែថ្លៃជីបែរជាឡើងថ្លៃ។ លើសពីនេះការរឹតត្បិតលើការធ្វើដំណើរផ្តាច់ឱកាសការងារនៅឯប្រទេសថៃ ដែលធម្មតាជាចំណូលបន្ថែមរបស់យើង។”
នៅពេលណារីឌុបសល់មកទទួលដូសជំរុញរបស់គាត់ ឆ្មបនៅមន្ទីរពេទ្យនេះបានប្រាប់ណារីឱ្យចាក់ដូសជំរុញដែរ។ ដំបូងនាងស្ទាក់ស្ទើរ ព្រោះតែក្តីបារម្ភ និងភាពតានតឹងដែលនាងបានឆ្លងកាត់កន្លងមក ប៉ុន្តែនាងបានប្តូរចិត្តនៅពេលដែលដឹងថាសេចក្តីណែនាំកម្រិតសកលមានការប្រែប្រួល។
"ខ្ញុំរីករាយដែលបានបន្ថែមការបង្ការមួយជាន់ទៀត ពីជំងឺកូវីដ សម្រាប់ខ្លួនខ្ញុំផ្ទាល់ និងកូន។” ណារីលើកទឹកចិត្តឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងទៅទទួលវ៉ាក់សាំងនៅថ្ងៃនេះ ដោយបន្ថែមទៀតថា “សូមកុំបារម្ភ។ តាមបទពិសោធរបស់ខ្ញុំ ខ្ញុំដឹងថាវាមានសុវត្ថិភាព!”
យូនីសេហ្វបាន និងកំពុងធ្វើការជាមួយនឹងក្រសួងសុខាភិបាល ដើម្បីធានាថាបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេសបានទទួលព័ត៌មានបច្ចុប្បន្នភាពបំផុត ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ ខណៈថ្មីៗនេះ មានការផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មានឱ្យស្ត្រីមានផ្ទៃពោះដឹងថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ មានសុវត្ថិភាពសម្រាប់ពួកគេ យូនីសេហ្វ និងដៃគូមានគោលដៅផ្តល់វ៉ាក់សាំងឱ្យដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាផ្តល់ព័ត៌មានដ៏សុក្រឹតអំពីការរាតត្បាតជាសកល។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ប្រជាជនងាយរងគ្រោះបានទទួលវ៉ាក់សំាងគ្រប់ដូសដែលធ្វើឱ្យពួកគេអាចប្រកបមុខរបរចិញ្ចឹមជីវិតឡើងវិញ និងប្រកាន់ខ្ជាប់នូវឥរិយាបថសុវត្ថិភាពពីការឆ្លងវីរុសកូវីដ។ ការឧបត្ថម្ភដ៏សប្បុរសពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានជួយពង្រឹងបន្ថែមដល់ការងារគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាប្រកបទៅដោយសមធម៌ សុវត្ថិភាព និងប្រសិទ្ធភាព។

អ្នកស្រី មាស ចិន្តា គឺជាគិលានុបដ្ឋាយិកាឆ្មប និងជាសមាជិកក្រុមការងារចាក់វ៉ាក់សាំងក្នុងមន្ទីរពេទ្យបវេល ខេត្តបាត់ដំបង ដែលណារី និងសល់ទៅចាក់វ៉ាក់សាំង។ អ្នកស្រីបានពន្យល់ថាអនុសាសន៍ថ្មីសម្រាប់ស្ត្រីដែលកំពុងមានគភ៌មានការផ្លាស់ប្តូរ ចាប់តាំងពីពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង។ “ដំបូងឡើយ អនុវត្តតាមគោលការណ៍ណែនាំជាសកលរបស់ក្រសួងសុខាភិបាល យើងបានប្រាប់ទៅស្ត្រីមានផ្ទៃពោះមិនឱ្យមកចាក់វ៉ាក់សាំងឡើយ។ មិនយូរប៉ុន្មានការសិក្សាជាលក្ខណៈវិទ្យាសាស្ត្របានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមានសុវត្ថិភាព ដូច្នេះយើងបានចាប់ផ្តើមប្រាប់អ្នកជំងឺរបស់យើងថា កិច្ចការពារដែលផ្តល់ដោយវ៉ាក់សាំងជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ និងការធ្លាក់ខ្លួនឈឺធ្ងន់របស់ម្តាយ និងកូននៅក្នុងផ្ទៃរបស់ពួកគេ។”
អ្នកស្រី ចិន្តា រីករាយណាស់ដែលឃើញមានប្រជាជនជាច្រើនមកពីសហគមន៍ របស់គាត់មកចាក់វ៉ាក់សាំង។ គាត់មានសុទិដ្ឋិនិយមថាមនុស្សដែលនៅសេសសល់ ប្រមាណជា ១០% ទៀតក្នុងសហគមន៍របស់គាត់ ដែលមិនទាន់បានចាក់ នឹងមកចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះជាមិនខាន។ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងនៅតែបន្តទូទាំងប្រទេស អ្នកស្រីនៅតែបំពេញតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសុវត្ថិភាពពីជំងឺកូវីដ ១៩ ដល់អ្នកជំងឺគ្រប់រូបដែលគាត់ផ្តល់ប្រឹក្សា។
ណារីសំដែងនូវសេចក្តីដឹងគុណចំពោះវ៉ាក់សាំងដែលបានជួយឱ្យនាងមានសុខភាពមាំមួន និងបានលើកឡើងថា “វ៉ាក់សាំងមិនត្រឹមតែការពារជីវិតរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជីវភាពរស់នៅរបស់អ្នកទៀតផង។ សកម្មភាពជាច្រើនបានត្រឡប់មករកភាពប្រក្រតីវិញ ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងមានកម្រិតខ្ពស់។ ខ្ញុំទន្ទឹងរង់ចាំរដូវដែលគេរៀបអាពាហ៍ពិពាហ៍ ដោយពុំមានការរឹតត្បិត និងប្រាក់ចំណូលទៀងទាត់សម្រាប់ទ្រទ្រង់គ្រួសាររបស់ខ្ញុំ។
ដរាបណាការរាតត្បាតជាសកលនៅតែមាន ខ្ញុំសង្ឃឹមថារដ្ឋាភិបាល និងអ្នកផ្តល់ជំនួយនឹងបន្តផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃ ដល់អ្នកដែលពុំមានលទ្ធភាព។ គ្រប់គ្នាបានចាក់វ៉ាក់សាំង គឺជាជាមធ្យោបាយតែមួយគត់ដែលអាចរក្សាសុវត្ថិភាពយើងទាំងអស់គ្នាពីកូវីដ និងរកប្រាក់ចំណូលបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើងឱ្យមានសុខភាពមាំមួន។”
