ការរៀនតាមការលេង ធ្វើឲ្យសិស្សមត្តេយ្យកាន់តែចង់រៀន
វិធីសាស្រ្តរៀនសូត្របំណិនផ្នែកសង្គម និងអារម្មណ៍ កំពុងផ្លាស់ប្ដូររបៀបរៀនសូត្ររបស់សិស្សតូចៗនៅកម្ពុជា
- Available in:
- English
- Khmer
ខេត្តក្រចេះ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២– “សូម្បីតែនៅពេលគ្រូប្រាប់ថាអត់រៀនក្ដី គាត់នៅតែចង់ទៅសាលារៀន” នេះជាសម្ដីរបស់លោកស្រី ឌុល ស៊ីណេត ជាម្ដាយរបស់កុមារា ឆែ វ៉ាន់ណូ ដែលរៀននៅសាលាមត្តេយ្យសិក្សាសហគមន៍កន្រ្ទីងនៅជិតផ្ទះរបស់ពួកគេ។ នៅអាយុបួនឆ្នាំ កុមារានេះកំពុងរៀនសរសេររួចហើយ និងរីករាយធ្វើលំហាត់បូក និងដកថ្នាក់ដំបូង។ គាត់ក៏កំពុងមានម្ចាស់ការលើខ្លួនឯងកាន់តែខ្លាំងឡើងផងដែរ។ ស៊ីណែតបាននិយាយថា “នៅពេលព្រឹក គាត់ងើបឡើងងូតទឹក និងស្លៀកពាក់ដោយខ្លួនឯង ដើម្បីទៅសាលារៀន។ គាត់ចេះគួរសម និងដឹងអំពីរបៀបទទួលភ្ញៀវយ៉ាងសមស្របនៅផ្ទះរបស់យើង”។ ស៊ីណែតមានអំណរគុណខ្លាំងណាស់ចំពោះអ្នកគ្រូ លាវ មុន្នីលក្ខណ៍ ជាគ្រូមត្តេយ្យរបស់កូនប្រុសគាត់ ដែលមានចិត្តល្អ អត់ធ្មត់ និងធ្វើឲ្យវ៉ាន់ណូបន្ត រៀនសូត្រដោយរីករាយជារៀងរាល់ថ្ងៃ។
គ្រូមត្តេយ្យសហគមន៍ដូចជាអ្នកគ្រូ មុន្នីលក្ខណ៍ កំពុងចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ឆ្នាំសិក្សានាពេលខាងមុខ ដោយចាប់ផ្ដើមជាមួយនឹងការអាន ការសរសេរ និងលេខនព្វន្ធ។ ប៉ុន្តែការងាររបស់ពួកគាត់មិនបញ្ចប់ត្រឹមនោះឡើយ។ ពួកគេក៏ត្រូវបង្រៀនជំនាញបំណិនផ្នែកសង្គម និងអារម្មណ៍ផងដែរ ដែលជាជំនាញយ៉ាងចាំបាច់ សម្រាប់ភាពជោគជ័យនាពេលអនាគតរបស់កូនសិស្សពួកគាត់នៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតផងដែរ។ បន្ថែមលើនេះ បទពិសោធអប់រំពីវ័យកុមារតូចបង្កើតនូវអារម្មណ៍ និងចរិតលក្ខណៈជាក់លាក់ សម្រាប់លទ្ធភាពដែលសិស្សានុសិស្សទំនងជាបន្តការរៀនសូត្រ មានភាពរំភើបរីករាយក្នុងការរៀនសូត្រ និងអាចមានអារម្មណ៍ចូលរួមទៅក្នុងសង្គមបាន។
ទោះបីជាយ៉ាងណាក្ដី ការគាំទ្រសិស្សានុសិស្សវ័យក្មេងទាំងនេះ ត្រូវការជំនាញពិសេស ហើយមិនមែនគ្រប់សាលាទាំងអស់សុទ្ធតែមានធនធានស្មើៗគ្នាឡើយ។ សាលាមត្តេយ្យសិក្សាសហគមន៍ស្ថិតក្រោមការផ្ដល់ថវិកា និងការគ្រប់គ្រងរបស់ឃុំសង្កាត់ ស្របពេលដែលសាលារៀនមត្តេយ្យសិក្សារដ្ឋត្រូវបានគ្រប់គ្រង និងផ្ដល់មូលនិធិតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។ បើទោះបីជាមានសាលាមត្តេយ្យសិក្សាសហគមន៍កាន់តែច្រើននៅទូទាំងប្រទេសក្ដី សាលារៀនទាំងនេះទំនងជាមានធនធានមានកម្រិតសម្រាប់ការជួល ការបណ្ដុះបណ្ដាល សម្ភារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
នៅថ្ងៃនេះ អ្នកគ្រូរបស់កុមារវ៉ាន់ណូ អ្នកគ្រូ លាវ មុន្នីលក្ខណ៍ បានចូលរួមជាមួយគ្រូមត្តេយ្យ និងនាយកសាលាចំនួន ៤០នាក់ផ្សេងទៀត ដើម្បីរៀនអំពីរបៀបជួយសិស្សរបស់ពួកគាត់ ឲ្យធ្វើការបង្ហាញអំពីខ្លួនឯងកាន់តែល្អប្រសើរ ចុះសម្រុងជាមួយមិត្តរួមថ្នាក់ និងរក្សាភាពចង់ចេះចង់ដឹងរបស់ពួកគេ តាមរយៈការរៀនសូត្រតាមការលេង។ ការបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃកម្មវិធីជាបន្តបន្ទាប់មួយ ដើម្បីពង្រឹងការអប់រំកុមារតូចនៅកម្ពុជានៅទូទាំងសាលារៀនមត្តេយ្យសិក្សារដ្ឋ និងសាលារៀនមត្តេយ្យសិក្សាសហគមន៍។
ដោយទទួលបានមូលនិធិពីសាធារណរដ្ឋឆែក និងក្នុងភាពជាដៃគូយ៉ាងរឹងមាំជាមួយក្រសួងសំខាន់ៗ និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ យូនីសេហ្វកំពុងផ្ដល់ការគាំទ្រដល់កុមារអាយុក្រោមប្រាំមួយឆ្នាំ តាមរយៈកម្មវិធីអភិវឌ្ឍន៍កុមារតូចលក្ខណៈរួមបញ្ចូលគ្នា (IECD) ដែលគ្របដណ្ដប់លើសុខភាព និងអាហារូបត្ថម្ភ ទឹក និងអនាម័យ ការអប់រំ និងកិច្ចគាំពារសង្គម។ នៅដំណាក់កាលនេះ កម្មវិធីនេះផ្ដោតលើក្រុងស្រុកចំនួនប្រាំ ដែលក្នុងនោះក្រុងស្រុកមួយចំនួនមានលទ្ធផលផ្នែកការអប់រំ និងសុខភាពទាបបំផុត សម្រាប់កុមារតូចនៅកម្ពុជា។ តាមរយៈផ្នែកអប់រំនៃកម្មវិធីនេះ គ្រូបង្រៀនសាលាមត្តេយ្យសិក្សារដ្ឋ និងសហគមន៍ចំនួន ២០០នាក់ និងនាយកសាលាមត្តេយ្យសិក្សាចំនួន ៨០នាក់នៅខេត្តក្រចេះ និងខេត្តរតនគីរី បានទទួលបានការបណ្ដុះបណ្ដាលអំពីការរៀនសូត្របំណិនផ្នែកសង្គម និងអារម្មណ៍ (SEL) និងទទួលបានលទ្ធភាពប្រើប្រាស់បណ្ដាញមិត្តភក្ដិដ៏ទូលំទូលាយ តាមរយៈកិច្ចប្រជុំបច្ចេកទេសប្រចាំត្រីមាស។ កូនសិស្សមត្តេយ្យសិក្សានៅក្នុងក្រុងស្រុកទាំងនេះ ទទួលបានផលប្រយោជន៍ពីការអនុវត្តការបង្រៀនដែលកាន់តែល្អប្រសើរ សម្ភាររៀនសូត្រដែលទាក់ទាញ និងកន្លែងលេងដែលមានសុវត្ថិភាព និងមានពណ៌ចម្រុះគ្នា។
អ្នកគ្រូ មុន្នីលក្ខណ៍ បានចាប់ផ្ដើមបង្រៀននៅសាលារៀនមត្តេយ្យសិក្សាសហគមន៍កន្រ្ទីងនៅឆ្នាំ២០១៧ និងបានទទួលការបណ្ដុះបណ្ដាលអំពី SEL ចាប់តាំងពីឆ្នាំ២០១៩។ ការផ្ដោតការយកចិត្តទុកដាក់លើការយល់ដឹងអំពី របៀបគ្រប់គ្រងកំហឹង ឬអារម្មណ៍ដទៃទៀត បាននាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងថ្នាក់រៀនរបស់គាត់ ជាពិសេស នៅពេលកូនសិស្សរៀនសូត្រ តាមរយៈការច្រៀងចម្រៀង ឬការលេងល្បែងកំសាន្ត។
“តាមរយៈការអនុវត្តមេរៀនដែលខ្ញុំបានរៀនសូត្រនៅក្នុងសកម្មភាពក្នុងថ្នាក់រៀន ខ្ញុំបង្រៀនកូនសិស្សរបស់ខ្ញុំអំពីរបៀបគោរព និងជួយគ្នាទៅវិញទៅមក ដូចជាការរៀនរង់ចាំរហូតដល់វេនរបស់ពួកគេ ឬការចែករំលែកអាហារសម្រន់ជាមួយគ្នា និងរបៀបដោះស្រាយបញ្ហានានាដោយគ្មានការវាយតប់គ្នា។ ពួកគេលេងជាមួយគ្នាយ៉ាងសុខសាន្ត និងបានចាប់ផ្ដើមចាប់អារម្មណ៍ទៅលើអារម្មណ៍របស់អ្នកដទៃទៀត។ ឧទាហរណ៍ ប្រសិនបើ ពួកគេឃើញមិត្តម្នាក់មិនសប្បាយចិត្តអំពីអ្វីមួយ ពួកគេប្រាប់ខ្ញុំ ហើយខ្ញុំអាចសាកសួរជាមួយកូនសិស្សនោះបាន។”
គាត់ទន្ទឹងរង់ចាំការកសាងសមត្ថភាពរបស់គាត់បន្ថែមទៀតក្នុងការបង្កើតសកម្មភាពរៀនសូត្រតាមការលេង និងសម្ភារសិក្សា ដើម្បីបង្កើតនូវអត្ថប្រយោជន៍បន្ថែមទៀត។ ទោះបីជាគាត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការធ្វើដំណើរក្ដី គាត់ចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំបច្ចេកទេសប្រចាំត្រីមាស នៅពេលណាគាត់អាចធ្វើបាន។ គាត់បាននិយាយថា “ខ្ញុំមានអំណរគុណ ដែលខ្ញុំអាចជួបជាមួយមិត្តភក្ដិ និងសុំឱវាទនៅក្នុងកិច្ចប្រជុំបច្ចេកទេសប្រចាំត្រីមាស និងនៅពេលចាំបាច់ តាមក្រុម Telegram របស់យើង”។
អ្នកគ្រូ ប៊ាន សុជាតា បានធ្វើការងារនៅក្នុងវិស័យអភិវឌ្ឍន៍កុមារតូចអស់រយៈពេល ២១ឆ្នាំហើយ។ គាត់បានធ្វើជាគ្រូមត្តេយ្យរដ្ឋរយៈពេល ១៧ឆ្នាំ មុនពេលឈានចូលក្នុងតួនាទីជានាយកសាលារៀនមត្តេយ្យសិក្សាកាលពីបួនឆ្នាំមុន។ ក្នុងនាមជានាយកសាលារៀនមត្តេយ្យសិក្សា គាត់មានភារកិច្ចធ្វើឲ្យប្រាកដថា គ្រូបង្រៀនរបស់គាត់មានអ្វីៗទាំងអស់ដែលពួកគេត្រូវការ ដើម្បីថែទាំសុខុមាលភាពរបស់សិស្សរបស់ពួកគេ។ គាត់ក៏បានមើលឃើញការផ្លាស់ប្ដូរយ៉ាងច្រើននៅទូទាំងសាលារៀនចំពោះសិស្សានុសិស្ស និងឪពុកម្ដាយផងដែរ នៅពេលមានការអនុវត្តអភិក្រម SEL ។ ប៉ុន្តែ គាត់រីករាយខ្លាំងបំផុតក្នុងការមើលឃើញផលប៉ះពាល់នៃកិច្ចប្រជុំបច្ចេកទេសប្រចាំត្រីមាស។ គ្រូបង្រៀន និងនាយកសាលាប្រមូលធនធានរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហារួមគ្នា ដែលជាការពង្រីកសមត្ថភាពរបស់ពួកគេក្នុងការគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម អារម្មណ៍ និងការចេះដឹងរបស់កូនសិស្សរបស់ពួកគេ។ “គ្រូបង្រៀនរបស់ខ្ញុំ និងខ្ញុំរៀនសូត្រយ៉ាងច្រើនពីការស្ដាប់លឺបញ្ហានានានៅក្នុងសាលារៀនដទៃទៀត និងពីការស្វែងរកដំណោះស្រាយរួមគ្នា។” គាត់លើកទឹកចិត្តគ្រូមត្តេយ្យសហគមន៍កាន់តែច្រើនបន្ថែមទៀតឲ្យចូលរួមនៅក្នុងកិច្ចប្រជុំទាំងនេះ និងគាំទ្រដល់គំនិតដែលចង់មានកិច្ចប្រជុំបែបនេះកាន់តែញឹកញាប់ ដើម្បីពង្រឹងការរៀនសូត្រពីមិត្តភក្ដិរបស់ពួកគេ។
“សូមអរគុណចំពោះការបន្តការគាំទ្រពីសាធារណរដ្ឋឆែក យើងកំពុងមើលឃើញសមត្ថភាពកាន់តែខ្ពស់របស់គ្រូបង្រៀន ដែលធ្វើការងារជាមួយកុមារតូចៗនៅក្នុងខេត្តងាយរងគ្រោះបំផុតនៅកម្ពុជា។ បច្ចេកទេសនានា ដែលពួកគេកំពុងរៀន ជួយដល់កូនសិស្សក្នុងការកសាងមូលដ្ឋានរឹងមាំមួយ សម្រាប់ភាពជោគជ័យនៅក្នុងសាលារៀន ប៉ុន្តែក៏នៅក្នុងការងារនាពេលអនាគត និងជីវិតសហគមន៍ផងដែរ” នេះជាសម្ដីរបស់ Hiroyuki Hattori ប្រធានផ្នែកអប់រំនៃ UNICEFកម្ពុជា។ “ជាមួយនឹងការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា UNICEF នឹងបន្តធ្វើការងារជាមួយឃុំសង្កាត់ ដើម្បីធានាថា គ្រូបង្រៀន និងនាយកសាលារៀនមត្តេយ្យសិក្សាមានការបណ្ដុះបណ្ដាល និងបណ្ដាញមិត្តភក្ដិ ដើម្បីបន្តជំរុញទឹកចិត្តរបស់អ្នករៀនសូត្រវ័យក្មេង ដូចជា កុមារា វ៉ាន់ណូ ឲ្យមកសាលារៀនជារៀងរាល់ថ្ងៃ ដោយមានសុខភាពល្អ។”
គ្រូមត្តេយ្យសិក្សានៅខេត្តក្រចេះកំពុងទន្ទឹងរងចាំការគាំទ្រពីមិត្តភក្តិជាបន្តបន្ទាប់ និងការបណ្ដុះបណ្ដាលបន្ថែមទៀតអំពី សកម្មភាពរៀនសូត្រតាមការលេង។