ការពារ និងផ្តល់ក្ដីសង្ឃឹមដល់ពលករចំណាកស្រុក

វ៉ាក់សាំងបានផ្លាស់ប្ដូរភាពមិនច្បាស់លាស់ទៅជាក្ដីសង្ឃឹម សម្រាប់ពលករចំណាកស្រុក

Daravatey Seng
On 29 December 2021, in Battambang province, Cambodia, (Left to Right) Mrs Pharn Sreyorn, 33, and her husband, Mr Sern Dara, 35, proudly showed their vaccination cards after receiving their second dose of the COVID-19 vaccine at Bavel Referral Hospital.
UNICEF Cambodia/2021/Daravatey Seng
21 កុម្ភៈ 2022

ថ្ងៃពុធ​ ទី២៩ ខែធ្នូ ឆ្នាំ២០២១ – អស់រយៈពេលស្ទើរតែពីរឆ្នាំហើយ ដែល​ជំងឺរាតត្បាតកូវីដ-១៩ បានបង្កបញ្ហាប្រឈមដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យសេដ្ឋកិច្ច​នៅទ្រឹង និង​រំខានដល់​ការអប់រំ​នៅជុំវិញពិភព​លោក។ មនុស្សជាច្រើន​បានបាត់បង់ការងាររបស់ពួកគេ កុមារជួបប្រទះនឹងការលំបាក​ក្នុងការរៀនសូត្រ​ពីផ្ទះ និង​ការអនុវត្តការរៀបចំផែនការច្បាស់លាស់​ត្រូវបានផ្អាកដំណើរការ។

សម្រាប់ពលករចំណាកស្រុកដែលតែង​ផ្លាស់ទីទៅតាម​លំហូរ​ការងារ ជំងឺរាតត្បាត​ជំងឺកូវីដ-១៩ មានន័យថា ជាការបង្កើននូវភាពមិនច្បាស់លាស់ អស្ថិរភាព និងការបែកពីគ្រួសារ​កាន់តែយូរផងដែរ។ ការងារមានតិចតួចជាងមុន ស្របពេលដែល​ការផ្លាស់ប្ដូរ​ចំពោះការរិតត្បិត​នានា​បានធ្វើឲ្យ​ការធ្វើដំណើរកាន់​តែពិបាក និងកាន់តែមានគ្រោះថ្នាក់ថែមទៀត ដោយសារកំណើន​ការផ្លាស់ទី​មានន័យថា ជាកំណើននៃ​ការប្រឈមនឹង​ជំងឺកូវីដ-១៩។ បើទោះបីជាជនគ្រប់រូបមានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងវ៉ាក់សាំងក៏ដោយ ក៏លទ្ធភាពរបស់ជនដែលឃ្លាតឆ្ងាយពីប្រទេសរបស់ពួកគេនៅតែមានកម្រិតធ្ងន់ធ្ងរ ឬគ្មានលទ្ធភាពទាល់តែសោះក្នុងការទទួលបានសេវាសុខភាព និងការវ៉ាក់សាំង។

លោក សឺន ដារ៉ា អាយុ ៣៥ឆ្នាំ និងប្រពន្ធរបស់គាត់​ អ្នកស្រី ផាន ស្រីអន អាយុ ៣៣ឆ្នាំ មកពីខេត្តបាត់ដំបង និងស្ថិតនៅក្នុងចំណោម​​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន ដែលធ្វើចំណាកស្រុក ​ទៅ​ប្រទេស​ថៃ ដើម្បីស្វែងរកការងារ​ធ្វើជារៀងរាល់ឆ្នាំ។ ពួកគេបានរៀបការអស់រយៈពេល ១៦ឆ្នាំហើយ និងមានកូនស្រី​ម្នាក់អាយុ ១៥ឆ្នាំ និងកូនប្រុសម្នាក់​អាយុ ១៣ឆ្នាំ ដែលរស់នៅក្នុងរាជធានីភ្នំពេញ​ជាមួយសាច់​ញាតិ នៅពេលដែល​ពួកគេ​ទៅក្រៅប្រទេស។ ដូចជនចំណាកស្រុក​ភាគច្រើនដទៃទៀតដែរ ពួកគេ​ទៅបរទេស ដើម្បីស្វែងរក​ការងារដែលមានប្រាក់ឈ្នួលច្រើនជាង ដើម្បីឧបត្ថម្ភដល់​គ្រួសារ​ខ្លួន។​

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា អ្នកស្រី ផាន ស្រីអន អាយុ ៣៣ឆ្នាំ បានបង្ហាញកាតចាក់វ៉ាក់សាំងរបស់គាត់ដោយមោទនភាព បន្ទាប់ពីគាត់ទទួលបានដូសទីពីរនៃវ៉ាក់សាំងកូវីដ- ១៩ នៅមន្ទីរពេទ្យបង្អែកបវេល។ សម្គាល់៖ ការដោះម៉ាសចេញនេះ គឺសម្រាប់ការថតរូបប៉ុណ្ណោះ។
UNICEF Cambodia/2021/Daravatey Seng
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា អ្នកស្រី ផាន ស្រីអន អាយុ ៣៣ឆ្នាំ បានបង្ហាញកាតចាក់វ៉ាក់សាំងរបស់គាត់ដោយមោទនភាព បន្ទាប់ពីគាត់ទទួលបានដូសទីពីរនៃវ៉ាក់សាំងកូវីដ- ១៩ នៅមន្ទីរពេទ្យបង្អែកបវេល។ សម្គាល់៖ ការដោះម៉ាសចេញនេះ គឺសម្រាប់ការថតរូបប៉ុណ្ណោះ។

នៅថ្ងៃនេះ ពួកគេចាត់ទុកថា​ខ្លួនមានសំណាង ដោយបានស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋ​ទាំងឡាយ ដែលទទួលបានការការពារ​ តាមរយៈ​ការទទួលវ៉ាក់សាំងកូវីដ​-១៩។ ទោះបីជាយ៉ាងណាក្ដី សម្រាប់ដារ៉ា និងស្រីអន និង​មនុស្សជាច្រើនដូចជាពួកគេដទៃទៀត ជំងឺរាតត្បាតនេះ​ ​គឺជាបញ្ហាប្រឈមដ៏លំបាកមួយ។

នៅពេល​ ដារ៉ា និងប្រពន្ធ​បានសម្រេចចិត្តធ្វើចំណាកស្រុក​ទៅប្រទេសថៃ លុយដែលនៅសល់ពីការចំណាយលើ​អាហារ និងថ្លៃជួលផ្ទះ ត្រូវបានផ្ញើត្រលប់ទៅផ្ទះវិញ ដើម្បីឧបត្ថម្ភ​ដល់​ការអប់រំ និងថ្លៃសម្រាប់ការរស់នៅរបស់កូនៗរបស់ពួកគេ។ “ភាគច្រើន យើង​បានធ្វើការងារ​សំណង់ និងការងារ​នៅក្នុងរោងចក្រ ប៉ុន្តែយើង​ស្ទើរតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរកលុយឲ្យបានកាន់តែច្រើនសម្រាប់ផ្ញើ​មកផ្ទះ” នេះជាសម្ដី​របស់​ស្រីអន។ សម្រាប់រយៈពេលពីរបីឆ្នាំដំបូង ពួកគេ​បានទៅលេងផ្ទះ​ពីរដងក្នុងមួយឆ្នាំ ដើម្បីជួបជាមួយ​គ្រួសាររបស់ពួកគេ។ ទោះបីជាយ៉ាងណាក្ដី សម្រាប់​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេ​បានសម្រេចចិត្ត​ស្នាក់នៅប្រទេសថៃ ដោយធ្វើការងារនៅពេលឈប់សម្រាក ដើម្បីផ្ញើលុយកាន់តែច្រើនថែមទៀត​មកផ្ទះ។

ដោយសារការផ្ទុះជំងឺកូវីដ-១៩ នៅប្រទេសថៃ​បានបង្ខំឲ្យរោងចក្រ និងធុរកិច្ចមួយចំនួន​បិទទ្វារ ឬកាត់បន្ថយបុគ្គលិក ពលករចំណាកស្រុកដូចជា ដារ៉ា និងស្រីអន បាន​ជួបប្រទះនឹងស្ថានភាពកាន់តែពិបាក ក្នុងការ​​ចំណាយទៅលើ​ការរស់នៅចាំបាច់ជាមូលដ្ឋាន និងផ្ញើលុយកាន់តែ​តិចត្រលប់ទៅផ្ទះវិញ។ ស្រីអនបានចែករំលែកថា “​ពួកយើងព្រួយ​បារម្ភអំពីគ្រួសារ ហើយក្នុងពេលដដែលត្រូវព្យាយាមរក្សា​ការងារ ដែលយើងមាន។ នៅក្នុងរោងចក្រ យើងព្រួយបារម្ភអំពី​សុខភាព ដោយពាក់ម៉ាស់បីជាន់​ជារៀងរាល់ថ្ងៃ។ សូម្បី​តែមាន​ការប្រុងប្រយ័ត្នយ៉ាងនេះក្ដី យើងស្គាល់មនុស្សដែលបានធ្លាក់ខ្លួនឈឺ និងបានទៅសម្រាកនៅមន្ទីរពេទ្យ។” កាន់តែធ្ងន់ធ្ងរ​ជាងនេះ ពួកគេបានចែករំលែកដល់អ្នកទាំងឡាយណាដែលធ្លាក់ខ្លួនឈឺ ហើយ ​គ្មានលុយ ដើម្បីទៅទទួល​ការព្យាបាល ហើយក្នុងនាម​អ្នកដែលមិនមែនជាពលរដ្ឋនៅប្រទេសគេ ពួកគេ​គ្មានសិទ្ធិទទួលបាន​ការគាំទ្រ​របស់រដ្ឋាភិបាល ឬ​ការទទួលវ៉ាក់សាំងកូវីដ-១៩ ឡើយ។

ដារ៉ា និងស្រីអន​​ អាចនៅបន្តមានសុវត្ថិភាពបាន ប៉ុន្តែពួកគេបានលឺថា ប្អូនប្រុសរបស់ស្រីអន​បានធ្វើតេស្ត​រកឃើញជំងឺកូវីដ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គាត់បានហៅទូរសព្ទទៅប្អូនប្រុស និងកូនៗ​របស់គាត់ជារៀងរាល់ថ្ងៃ ដើម្បីសួរសុខទុក្ខពួកគេ ស្វែងយល់បន្ថែម​អំពីការផ្លាស់ប្ដូរ​ស្ថានភាព​នៅប្រទេសកម្ពុជា និង​រំលឹកពួកគេ​ឲ្យប្រុងប្រយ័ត្ន និងបន្តរក្សាសុវត្ថិភាព។

នៅថ្ងៃទី១៣ ខែសីហា ព្រំដែនប្រទេស​កម្ពុជា-ថៃ​ ត្រូវបានបើកឡើងវិញ ហើយនៅទីបំផុត ពលករចំណាកស្រុក​កម្ពុជា​​​អាចវិលត្រលប់​មកផ្ទះវិញ។ នៅខែកញ្ញា ឆ្នាំ២០២១ ការធ្វើតេស្តរកជំងឺកូវីដ និង​ការចាក់វ៉ាក់សាំង​សម្រាប់ពលករចំណាកស្រុកដែលវិលត្រលប់មកវិញ ត្រូវបានពង្រីកទៅដល់​មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក​នៅតាមខេត្តជាប់ព្រំដែនដូចជា ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តដទៃទៀត។ មន្ទីរពេទ្យ និងមណ្ឌលសុខភាព​ទាំងនេះ​ទទួលបានភារកិច្ច​ក្នុងការធ្វើឲ្យប្រាកដថា ពលករចំណាកស្រុក​ទទួលបានការថែទាំដែលពួកគេត្រូវការ ស្របពេលដែលត្រូវ​ការពារប្រជាពលរដ្ឋ​កម្ពុជា​ពី​ការផ្ទុះ​នៅ​ក្នុង​សហគមន៍ផងដែរ។ ក្នុងចំណោម​ពលករចំណាកស្រុក​ដែលវិលត្រលប់​មកពីប្រទេសថៃវិញ ពួកគេប្រមាណ ១០ភាគរយ ត្រូវបានធ្វើតេស្ត​រកឃើញថាមានជំងឺកូវីដ-១៩។

 

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា លោក សឺន ដារ៉ា អាយុ ៣៥ឆ្នាំ បានបង្ហាញកាតចាក់វ៉ាក់សាំងរបស់គាត់ដោយមោទនភាព បន្ទាប់ពីគាត់ទទួលបានដូសទីពីរនៃវ៉ាក់សាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកបវេល។
UNICEF Cambodia/2021/Daravatey Seng
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា លោក សឺន ដារ៉ា អាយុ ៣៥ឆ្នាំ បានបង្ហាញកាតចាក់វ៉ាក់សាំងរបស់គាត់ដោយមោទនភាព បន្ទាប់ពីគាត់ទទួលបានដូសទីពីរនៃវ៉ាក់សាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកបវេល។

ស្រីអន និងប្ដីរបស់គាត់​បានវិលត្រលប់មកវិញ​នៅពាក់កណ្ដាលខែ​វិច្ឆិកា ហើយក្រោយពេលវិលត្រលប់មកវិញ ពួកគាត់​ត្រូវបានធ្វើតេស្តឃើញថា ពួកគេ​គ្មានជំងឺនេះឡើយ។ ពួកគាត់បានចាក់វ៉ាក់សាំង ​នៅព្រំដែន បន្ទាប់មកពួកគេបានចំណាយពេល ១៤ថ្ងៃ ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសុខភាពមួយ​ មុនពេល​វិលត្រលប់ទៅខេត្តបាត់​ដំបង​វិញ។ ស្រីអនបាននិយាយថា “​ខ្ញុំ​ពិតជាមានអំណរគុណណាស់ ដែលមានវ៉ាក់សាំងសម្រាប់​យើង។ ខ្ញុំ​មានទំនុកចិត្ត​ក្នុងការវិលត្រលប់​ទៅជួបសាច់ញាតិ និងកូនៗ​របស់ខ្ញុំវិញ។

អ្នកស្រី មាស ចិន្ដា ធ្វើការងារ​នៅ​មន្ទីរពេទ្យបង្អែកបរវេល​នៅខេត្តបាត់ដំបង ជាកន្លែង​ដែល​ដារ៉ា និងស្រីអន​បានចាក់វ៉ាក់សាំង។ គាត់បានចែករំលែកថា៖ “​នៅពេលណាមនុស្សកាន់តែច្រើនទទួល​បានវ៉ាក់សាំង វាមានន័យថា យើងទាំងអស់គ្នាខិតកាន់តែជិត​ទៅរក​ការការពារ​យ៉ាងពេញលេញ... ខ្ញុំ​មានមោទនភាពចំពោះ​ការងាររបស់រាជរដ្ឋាភិបាល​របស់យើង ក្នុងការគ្របដណ្ដប់ទៅដល់​ប្រជាពលរដ្ឋ​នៅក្នុង​គ្រប់ឃុំសង្កាត់ និងក្រុងស្រុកខណ្ឌ ដោយផ្តល់ព័ត៌មាន និងលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋឲ្យ​ទៅចាក់វ៉ាក់សាំអ។ ខ្ញុំសង្ឃឹមថា ជំងឺកូវីដ-១៩ នឹងស្ថិតក្រោមការគ្រប់គ្រង​នៅពេលឆាប់ៗនេះ ដូច្នេះ ប្រទេស​របស់យើង គ្រួសាររបស់យើង និងធុរកិច្ចរបស់យើង​ អាចមានសុខភាពល្អ និងមានភាពរីកចម្រើនឡើងវិញ។”

យូនីសេហ្វ គឺជាដៃគូគន្លឹះមួយ​របស់ក្រសួងសុខាភិបាល​នៅក្នុងការធ្វើលទ្ធកម្ម និងការផ្ដល់វ៉ាក់សាំង និង​ក៏កំពុងធ្វើការងារដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល សមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់ និង​ការត្រៀមលក្ខណៈ​បុគ្គលិក​ជួរមុខផងដែរ។ ស្របគ្នានេះដែរ យូនីសេហ្វធ្វើការងារលើ​ការប្រាស្រ័យទាក់ទងអំពីហានិភ័យ និង​ការចូលរួម​របស់សហគមន៍ ដើម្បីធានាថា ពលរដ្ឋកម្ពុជាទាំងអស់បានទទួលព័ត៌មានដែល​អាចជឿជាក់បាន ត្រឹម​ត្រូវ និងមានបច្ចុប្បន្នភាព​អំពីវិធីធ្វើឲ្យមានសុវត្ថិភាពពីជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋងាយរងគ្រោះ រួមទាំង​ពលករចំណាកស្រុកពលរដ្ឋទាំងឡាយដែល​កំពុងរស់នៅតាមដងផ្លូវ និង​ពលរដ្ឋមានពិការ​ភាព គឺជាការផ្ដោតការយកចិត្តទុកដាក់គន្លឹះមួយ​នៃការងារចុះដល់មូលដ្ឋាន និងកិច្ចសហការរបស់យូនីសេហ្វ ជាមួយ​ដៃគូនានា​នៅក្នុងអំឡុងពេល​នៃជំងឺរាតត្បាតនេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ​បានមើល​ឃើញ​ពលករចំណាកស្រុកដូចជា ដារ៉ា និងស្រីអន បានធ្វើតេស្តរក​ជំងឺកូវីដ-១៩ នៅតាមព្រំដែនបន្ទាប់​ពីចូលមកក្នុងប្រទេសវិញ បានផ្ដល់ថ្នាំបង្ការ​មុនពេលពួកគេ​ចាកចេញពី​មណ្ឌលចត្តាឡីស័ក បានកំណត់ និង​ទទួលការទាក់ទងថាតើ​ពួកគេខកខានក្នុងការចាក់វ៉ាក់សាំង​ដែរឬទេ ហើយនៅពេលអាច​ធ្វើបាន ពួកគេត្រូវទទួលបានការចាត់ជាអាទិភាព ដើម្បីចាក់វ៉ាក់សាំង​តែមួយដូស ដើម្បីបង្កើន​កិច្ចការពារ ស្របពេល​សម្រាលបន្ទុកនៃការធ្វើដំណើរបន្ថែមទៀតផងដែរ។ ការគាំទ្រប្រកបដោយសប្បុរសធម៌​ពី​ក្រសួង​ការបរទេស និងពាណិជ្ជ​កម្ម​អូស្រ្តាលី (DFAT) ពង្រឹងបន្ថែមទៅលើ​ការងារគ្រប់ជ្រុងជ្រោយនេះ សម្រាប់​ផ្ដល់វ៉ាក់សាំងប្រកបដោយ សមធម៌ សុវត្ថិភាព និងប្រសិទ្ធភាព​ទៅដល់​ក្រុមងាយរងគ្រោះ និងក្រុមអាទិភាព​ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។

ដោយមាន​បទពិសោធអំពីការមិនទទួលការគាំទ្រចាំបាច់ និងប្រាក់ចំណូលយ៉ាងសំខាន់​នៅប្រទេស​​ថៃ ដារ៉ាបាននិយាយថា៖ “ខ្ញុំ​មិនដឹងអ្នកផ្សេងគេថាយ៉ាងម៉េចទេ ប៉ុន្តែគ្រួសាររបស់ខ្ញុំ និងខ្ញុំ​តាំងចិត្ត​ការពារ​សមាជិកគ្រួសារ និងសហគមន៍​របស់យើង តាមរយៈ​ការចាក់វ៉ាក់សាំងយ៉ាងពេញលេញ។ យើងលើកទឹកចិត្ត​អ្នកភូមិផ្សេងទៀត​ឲ្យទៅចាក់វ៉ាក់សាំងនៅពេលដល់វេនពួកគេ ហើយប្រសិនបើ ពួកគេមិនទាន់មានព័ត៌មានច្បាស់ទេ ពួកគេ​អាចនិយាយជាមួយ​សាច់ញាតិដែលបានចាក់រួច ឬសួរ​បុគ្គលិក​សុខាភិបាលអំពី​ផលរំខាន ឬកង្វល់ដទៃទៀត។”

ដារ៉ា និងស្រីអន​សប្បាយចិត្ត ដែលបានវិលត្រលប់​មកប្រទេសកម្ពុជា និងបានចាក់វ៉ាក់សាំង យ៉ាងពេញលេញ​ប្រឆាំងនឹងជំងឺកូវីដ-១៩។ ផែនការរបស់ពួកគេ គឺត្រូវស្វែងរកការងារធ្វើ​នៅរាជធានីភ្នំពេញ និងរស់នៅជិតកូនៗ​របស់ពួកគេ​ឲ្យបានយូរតាមដែលអាចធ្វើបាន។ ទោះបីជាយ៉ាងណាក្ដី ដូចគ្នានឹង​ពលករចំណាកស្រុក​ជាច្រើននាក់ផ្សេងទៀតដែរ ប្រសិនបើពួកគេមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់​ជាមួយនឹង​ការងារ ដែលពួកគេរកបាននៅក្នុងប្រទេសកម្ពុជា ពួកគេ​​អាច​ត្រូវ​វិលត្រលប់ទៅប្រទេស​ថៃ​វិញ។ សម្រាប់ពេលនេះ ស្រីអន​មានអារម្មណ៍​កាន់តែមានសុវត្ថិភាពជាងមុន។ ដោយមើលឃើញ​ថាប្រជាពលរដ្ឋភាគច្រើន​នៅក្នុងសហគមន៍​របស់គាត់បានចាក់វ៉ាក់សាំង ហើយសាលារៀន​បើកទ្វារឡើងវិញ គាត់មានអារម្មណ៍​ពោរពេញទៅដោយក្ដីសង្ឃឹមចំពោះអ្វីៗដែលឆ្នាំ២០២២ អាចនាំ​មកឲ្យ​គាត់ និងគ្រួសារ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា (ពីឆ្វេងទៅស្ដាំ) លោក សឺន ដារ៉ា អាយុ ៣៥ឆ្នាំ និងប្រពន្ធរបស់គាត់ អ្នកស្រី ផាន ស្រីអន អាយុ ៣៣ឆ្នាំ បានបង្ហាញកាតចាក់វ៉ាក់សាំងដោយមោទនភាព បន្ទាប់ពីគាត់ទទួលបានដូសទីពីរនៃវ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកបវេល។ សម្គាល់៖ ការដោះម៉ាស់ចេញនេះ គឺសម្រាប់ការថតរូបប៉ុណ្ណោះ។
UNICEF Cambodia/2021/Daravatey Seng
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា (ពីឆ្វេងទៅស្ដាំ) លោក សឺន ដារ៉ា អាយុ ៣៥ឆ្នាំ និងប្រពន្ធរបស់គាត់ អ្នកស្រី ផាន ស្រីអន អាយុ ៣៣ឆ្នាំ បានបង្ហាញកាតចាក់វ៉ាក់សាំងដោយមោទនភាព បន្ទាប់ពីគាត់ទទួលបានដូសទីពីរនៃវ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកបវេល។ សម្គាល់៖ ការដោះម៉ាស់ចេញនេះ គឺសម្រាប់ការថតរូបប៉ុណ្ណោះ។