ការពារកុមារនៅក្នុង ”តំបន់ក្រហម” ក្រោមវិធានការការពារពីជំងឺកូវីដ

ក្នុងដំណាក់កាលដែលតំបន់ខ្លះក្នុងប្រទេសកម្ពុជាត្រូវបានបិទខ្ទប់ យូនីសេហ្វបង្កើនការគាំទ្រដល់កុមារ

Jaime Gill
Mr. Sun Raborn is one of the UNICEF-funded social workers supporting children with COVID in Phnom Penh
UNICEF Cambodia/2021/Bunsak But
02 មិថុនា 2021

ការគាំទ្រគ្រួសាររស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ

លោកស្រី មុំ ចាន់ដានី គឺជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “យើងធ្លាប់តែឮពីការបិទខ្ទប់នៅក្នុងប្រទេសផ្សេងៗក្នុងពិភពលោក ប៉ុន្តែយើងសង្ឃឹមថាវានឹងមិនកើតឡើងនៅក្នុងប្រទេសយើងឡើយ”។ ជាមួយនឹងការយកចិត្តទុកដាក់លើការរក្សាគម្លាតសុវត្ថិភាព និងការពាក់ពាក់ម៉ាស់ផងនោះ លោកស្រី ចាន់ដានី កំពុងអង្គុយនៅលើផ្លូវមួយដ៏តូចចង្អៀតក្នុងភូមិសាស្ត្រខណ្ឌមានជ័យក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលមានអត្រាភាគរយខ្ពស់នៃក្រុមគ្រួសារងាយរងគ្រោះផ្នែកជីវភាព។

គិតរហូតមកដល់ពេលថ្មីៗនេះ តំបន់ស្ទឹងមានជ័យ ត្រូវបានកំណត់ថាជា “តំបន់ក្រហម” និងជាតំបន់ដែល​មានអត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតមួយខ្ពស់ ដែលនាំឲ្យមានការ​អនុវត្តវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង ចាប់តាំងពីខែមេសាកន្លងទៅ​។ លោកស្រី ចាន់ដានី បានមា​នប្រសាសន៍បន្តថា “យើងទាំងអស់គ្នាបានប្រឹងប្រែងធ្វើការងារជាច្រើនកន្លងមក ដើម្បីទប់ស្កាត់កុំឲ្យមានភាពចាំបាច់ដែលត្រូវអនុវត្តវិធានការរឹតត្បិតច្រើនខ្លាំងពេក តាមរយៈការផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការអប់រំប្រជាពលរដ្ឋអំពីវិធានការការពារដោយប្រុងប្រយ័ត្ន។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលចំនួនអ្នកឆ្លងបានកើនឡើងច្រើនពេក ដូច្នេះទើបមានការសម្រេចចិត្តឲ្យបិទខ្ទប់តំបន់នេះតែម្តង”។

លោកស្រី មុំ ចាន់ដានី បាននាំយកនូវបទពិសោធជាច្រើនឆ្នាំរបស់គាត់ មកប្រើប្រាស់ឲ្យស្របតាមស្ថានភាពនេះក្នុងនាមលោកស្រីគឺជាភ្នាក់ងារសង្គមកិច្ចម្នាក់ដ៏សកម្ម ក្នុងចំណោមភ្នាក់ងារសង្គមកិច្ចដំបូងៗនៅកម្ពុជា។ លោកស្រីបានចាប់ផ្តើមអាជីពរបស់ខ្លួនកាលពីឆ្នាំ១៩៩៦ បន្ទាប់ពីបានទទួលការបណ្ដុះបណ្ដាលជាលើកដំបូងពីយូនីសេហ្វ មុនពេលបន្តការសិក្សានៅប្រទេសហ្វីលីពីន។ លោកស្រីបានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ ពិតជាកាចសាហាវណាស់ ប៉ុន្តែ​ក្រោយពីបានប្រឡូកក្នុងការងារបែបនេះរយៈពេល៣៤ឆ្នាំ ខ្ញុំគ្មានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់។ អ្នកត្រូវតែប្រែ​ក្លាយបញ្ហាប្រឈមមួយនេះ ឲ្យទៅជាឱកាស ដើម្បីមូលមតិគ្នា ​និងធ្វើការងាររួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតជីវភាពពិតប្រាកដ”។

ក្នុងអំឡុងពេលមានការអនុវត្តវិធានការបិទខ្ទប់ លោកស្រី ចាន់ដានី និងក្រុមការងាររបស់គាត់ ដែលមានភ្នាក់ងារសង្គមកិច្ចចំនួនប្រាំនាក់ ក្រោមជំនួយឧបត្ថម្ភថវិកា និងការបណ្ដុះបណ្ដាលពីយូនីសេហ្វ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលបានផ្តល់ការគាំទ្រជាពិសេសដល់គ្រួសារ និង​កុមារដែលងាយរងគ្រោះជាងគេ រួមមានគ្រួសារដែលមានសមាជិកជាអ្នកញៀនថ្នាំ ឬកុមាររស់នៅតាមមណ្ឌលថែទាំជាដើម។ នៅពេលដែលមានការបែងចែកតំបន់ក្រហម ការងាររបស់លោកស្រីកាន់តែជួបការលំបាកមួយកម្រិតទៀត “យើងត្រូវចេះច្នៃប្រឌិត។ យើងផ្តល់ការគាំទ្រជាច្រើនពីចម្ងាយ ដូចជាតាមរយៈទូរសព្ទជាដើម និងបានចេញលិខិតអនុញ្ញាតឲ្យអ្នកបើកបរ និងបុគ្គលិកមួយចំនួនអាចធ្វើដំណើរចេញចូលបាន ដើម្បីឲ្យពួកគេអាចដឹកជញ្ជូនស្បៀងជាចាំបាច់ដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតជីវភាពជាងគេ”។

©UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But
Ms. Mom Chandany, director of the Phnom Penh Department of Social Affairs, Veterans and Youth Rehabilitation, talks to UNICEF staff about challenges of providing support to red zones

លោកស្រី ចាន់ដានី បានសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូដូចជា យូនីសេហ្វជាដើម ដែលបានផ្តល់នូវការគាំទ្រ និងធនធានបន្ថែម។ “យូនីសេហ្វ បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ប្រជាជនដែលងាយរងគ្រោះ។ យូនីសេហ្វ បានផ្តល់នូវដំបូន្មាន និងការគាំទ្របច្ចេកទេសដល់ភ្នាក់ងារសង្គមកិច្ច ក៏ដូចជាបានជួយយើងខ្ញុំក្នុងការអនុវត្តតាមគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងករណីពីចម្ងាយ មានដូចជា របៀបប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង Zoom Meeting ជាដើម។ លើសពីនេះ យូនីសេហ្វ ថែមទាំងបានផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងគ្រាដ៏លំបាកនេះផងដែរ។

លោកស្ត្រី លូស្យា សូឡេទី ប្រធានផ្នែកការពារកុមាររបស់យូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជារឿយៗ​ នៅពេលដែលមានវិបត្តិអ្វីមួយកើតឡើង កុមារគឺជាក្រុមដែលងាយរងគ្រោះជាងគេនៅក្នុងសង្គម ចំណែកវិបត្តិកូវីដមិនមែនជាករណីលើកលែងនោះឡើយ។ កុមារទាំងនោះមិនត្រឹមតែប្រឈមនឹងការឆ្លងមេរោគនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេរឹតតែប្រឈមនឹងគ្រោះថ្នាក់នៃអំពើហិង្សាថែមទៀតផង ចំណែនឯមាតាបិតា ឬអ្នកថែទាំពួកគេកាន់តែមានអារម្មណ៍អន្ទះអន្ទែង ជួបនឹងបញ្ហាស្ត្រេស និងការព្រួយបារម្ភលើការថែទាំ និងការទំនុកបម្រុងកូនៗរបស់ពួកគាត់។ នៅក្នុងស្ថានភាពបែបនេះ ការធ្វើឲ្យកុមារមានអារម្មណ៍​កក់ក្តៅ និងទទួលបានការការពារ រឹតតែមានសារៈសំខាន់ជាងពេលធម្មតាណាៗទៅទៀត”។

ប្រព័ន្ធសង្គមកិច្ចកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងៗនៅឡើយ ដោយហេតុថាអ្នកជំនាញនៅមានចំនួនតិចតួចនៅឡើយ និងមានអ្នកជំនាញរឹតតែតិចទៅទៀត ដែលបានទទួលការបណ្ដុះបណ្ដាលជាផ្លូវការ។ យូនីសេហ្វ កំពុងសហការ​ជាមួយ​​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងបង្កើនចំនួនបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ លើសពីនេះ ឧបករណ៍គ្រប់គ្រងករណីតាមប្រព័ន្ធឌីជីថល ឈ្មោះថា Primero ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗនេះ កំពុងត្រូវបានយកទៅប្រើប្រាស់ ដើម្បីចុះឈ្មោះកុមារទាំងអស់ដែលឆ្លងជំងឺកូវីដ-១៩ និងដែលរងផលប៉ះពាល់ដោយសារជំងឺនេះ ដើម្បីជំរុញឲ្យមានការផ្តល់ការគាំទ្រសម្រាប់ករណីរបស់ពួកគេ។ ចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក មានកុមារងាយរងគ្រោះយ៉ាងហោចណាស់ចំនួន ២.០០០ នាក់ និងគ្រួសាររបស់ពួកគេ បានទទួលកញ្ចប់គាំទ្រ​សម្រាប់គ្រួសារក្នុងគ្រាអាសន្ន ដូចជាស្បៀងអាហារ ជាដើម។ កុមារ និងគ្រួសារ ក៏អាចទទួលបាននូវសេវាប្រឹក្សាយោបល់ និងសេវាគាំទ្រដទៃទៀត តាមរយៈខ្សែទូរសព្ទចល័តសម្រាប់ផ្តល់ជំនួយដល់កុមារនៅកម្ពុជា និងខ្សែទូរសព្ទរាយការណ៍ទាន់ហេតុការណ៍ពីករណីសុវត្ថិភាពកុមារ ដែលទទួលបានថវិកាគាំទ្រពីយូនីសេហ្វ រួមជាមួយការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុនផងដែរ។

លោក ស៊ុន រ៉ាបន គឺជាភ្នាក់ងារសង្គមកិច្ចម្នាក់ក្នុងចំណោមភ្នាក់ងារសង្គមកិច្ចទាំងប្រាំនាក់ ដែលធ្វើការងារក្រោមការគ្រប់គ្រង និងដឹកនាំរបស់លោកស្រី ចាន់ដានី។ លោកបានមានប្រសាសន៍ថា “ក្រោយពីទទួលការបែងចែកតួនាទីឲ្យ​កាន់ករណីអ្វីមួយ ជំហានដំបូងគឺត្រូវទូរសព្ទទៅកាន់កុមារនោះ និងគ្រួសារ ហើយចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយពួកគេ ព្យាយាមកសាងទំនុកចិត្ត និងផ្តល់ការគាំទ្រឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។           ជារឿយៗ ការងារនេះបានដាក់បន្ទុកច្រើនខាងផ្លូវចិត្ត ព្រោះតែការលំបាកដែលគ្រួសារជាច្រើនកំពុងជួបប្រទះ។ “ករណីដែលពិបាកជាងគេ គឺជាករណីគ្រួសារមួយដែលមានកូនជាទារកនៅតូច។ ពួកគាត់កំពុងជាប់បំណុលធ្ងន់ ហើយម្តាយដែលធ្លាប់តែធ្វើការនៅក្នុងរោងចក្រកាត់ដេរ មិនអាចធ្វើការបន្តទៀតបាន។ ពួកគាត់ជួបការលំបាក ដោយអត់មានអាហារ ឬទឹកដោះគោសម្រាប់​កូនតូចមួយនេះ។ ខ្ញុំអាចផ្តល់ការឧបត្ថម្ភជាស្បៀងបន្ទាន់ដល់ពួកគាត់ ដូច្នេះស្ថានភាពរបស់ពួកគាត់នាពេលនេះ បានធូរស្រាលជាងមុន”។

លោក រ៉ា បន ក៏បានផ្តល់ការគាំទ្រដល់គ្រួសារមួយទៀត​ គឺគ្រួសាររបស់​ ខន* ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩ ផងដែរ។ ខណៈកំពុងបង្ហាញយើងពីបន្ទប់ជួលដ៏តូចចង្អៀត ដែលគ្រួសាររបស់នាងកំពុងរស់នៅជុំគ្នា ស្រីលក្ខណ៍* វ័យ ១៦ឆ្នាំ បាននិយាយ​ថា “ចាប់តាំងពីមានការរាលដាលជាសកលនៃជំងឺកូវីដ-១៩ នេះ ខ្ញុំមានការបារម្ភខ្លាចឆ្លងមេរោគនេះ និងខ្លាចចម្លងទៅកាន់គ្រួសាររបស់ខ្ញុំ”។ នៅពេលដែលដឹងថាចំនួនករណីឆ្លងក្នុងប្រទេសមានការកើនឡើង នាងកាន់តែអន្ទះអន្ទែងក្នុងចិត្ត ជាពិសេសនៅពេលដែលមានមនុស្សធ្វើតេស្តឃើញវិជ្ជមាននៅក្នុងផ្សារដែលម្តាយរបស់នាងធ្លាប់តែទៅលក់ដូរនៅទីនោះ។

©UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But
Sreyleak talks to Sophea Phok, UNICEF Child Protection Officer, about her challenging recent experiences

ស្រីលក្ខណ៍ បានចងចាំថា “បើទោះជាខ្ញុំមានការភ័យខ្លាចក៏ដោយ យើងត្រូវតែទៅធ្វើតេស្ត។ នេះគឺជារឿងត្រឹមត្រូវ​ដែលយើងត្រូវធ្វើ ដើម្បីបង្អង់ល្បឿននៃការឆ្លងរាលដាលនៃជំងឺនេះ”។ គ្រួសារនេះបានធ្វើដំណើរទៅមណ្ឌលសុខភាពទាំងអស់គ្នា ហើយស្រីលក្ខណ៍ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលភ្លាមៗតែម្តង។ ការរស់នៅដាច់ដោយឡែកពីគ្រួសារ អាចបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ និងបង្កផលវិបាកអវិជ្ជមាន​រយៈពេលវែងដល់ដំណើរអភិវឌ្ឍន៍របស់កុមារ។ ភ្នាក់ងារសង្គមកិច្ចដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ អាចបំពេញតួនាទីយ៉ាងសំខាន់ក្នុងការកសាងបណ្តាញសុវត្ថិភាព ដែលកុមារត្រូវការជាចាំបាច់បំផុតនៅក្នុងស្ថានការណ៍បែបនេះ។ ស្រីលក្ខណ៍ បានបញ្ជាក់ពីចំណុចនេះដូច្នេះថា “វាពិតជារឿងគួរឲ្យភ័យខ្លាចពីដំបូង និងជារឿងលំបាកដែលត្រូវនៅដាច់ឆ្ងាយពីក្រុមគ្រួសាររបស់ខ្ញុំ ប៉ុន្តែលោក រ៉ាបន បានទូរស័ព្ទមកខ្ញុំ និងបានជួយដល់ខ្ញុំយ៉ាងច្រើន”។

បន្ទាប់ក្រោយមក ម្ដាយនិងឪពុករបស់ស្រីលក្ខណ៍ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ នៅពេលធ្វើតេស្តលើកទីពីរ។ ពួកគាត់ត្រូវបានបញ្ជូនទៅទទួលបានការព្យាបាលនៅមន្ទីរពេទ្យមួយផ្សេង។ ស្ថានភាពឪពុករបស់នាង ធ្លាក់ចុះដុនដាបមួយរំពេច។ ស្រីលក្ខណ៍ បាននិយាយថា “គាត់នឹងត្រូវបានគេដាក់ខ្យល់អុកស៊ីហ្ស៊ែនឲ្យរយៈពេល៤ថ្ងៃ” ដោយបានបញ្ជាក់ថា នាងតែងតែយំជាញឹកញយ ព្រោះតែការបារម្ភចំពោះឪពុក។ ស្ថានភាពនេះ មានន័យថា នៅពេលដែលស្រីលក្ខណ៍ជាសះស្បើយ រួចហើយអាចទៅផ្ទះវិញ ផ្ទះរបស់នាងច្បាស់ជាគ្មានមនុស្សរស់នៅឡើយ។ លោក រ៉ាបន បានបង្កើនកម្រិតនៃការគាំទ្រលើសពីអ្វីដែលគាត់បានផ្តល់ឲ្យកន្លងមក ព្រោះតែភាពងាយរងគ្រោះរបស់ស្រីលក្ខណ៍។ “គាត់តែងតែទូរស័ព្ទមកខ្ញុំ និងសាកសួរពីសុខទុក្ខរបស់ខ្ញុំ។ គាត់បានបញ្ជាក់ថា ខ្ញុំនឹងទទួលបានស្បៀង ដូច្នេះខ្ញុំមិនចាំបាច់បារម្ភពីរឿងអាហារហូបចុកនោះទេ”។

លោក រ៉ាបន បាននិយាយថា “ខ្ញុំសប្បាយចិត្តច្រើនជាងមុន ដោយសារពេលនេះមានការបន្ធូរបន្ថយការអនុវត្តវិធានការរឹតត្បិត ហើយយើងអាចនិយាយឆ្លងឆ្លើយជាមួយគ្នាបានដោយផ្ទាល់”។ គាត់អង្គុយនៅខាងក្រៅផ្ទះរបស់គ្រួសាររបស់ ខន ហើយបានសួរទៅកាន់ពួកគាត់ទាំងអស់គ្នា ដែលក្នុងគ្រានោះបានសួរអំពីផែនការសម្រាប់អនាគតទៅកាន់ឪពុកដែលកំពុងញញឹមប៉ព្រាយ ក្រោយពេលបានជាសះស្បើយទាំងស្រុង។ ស្រីលក្ខណ៍ បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថា “ខ្ញុំគ្រាន់តែចង់ឲ្យយើងទាំងអស់គ្នាមានសុខភាពល្អ! ខ្ញុំដឹងថាឪពុកម្តាយរបស់ខ្ញុំពិតជាចង់ទៅធ្វើការជាធម្មតាវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យអ្វីៗវិលមករកភាពប្រក្រតីវិញ។

លោកស្រី ចាន់ដានី បានមានប្រសាសន៍ជាចុងក្រោយថា “នេះគឺជាគ្រាដ៏លំបាកបំផុតនៅក្នុងអាជីពរបស់ខ្ញុំ។ វាមិនទាន់ចប់នៅឡើយទេ ប៉ុន្តែខ្ញុំសង្ឃឹមថាជាមួយនឹងការប្ដេជ្ញាចិត្ត និងការគាំទ្រពីដៃគូនានា ដូចជាយូនីសេហ្វជាដើម យើងពិតជាអាចគ្រប់គ្រងស្ថានការណ៍នេះបាន និងជួយកុមារឲ្យទទួលបានការគាំទ្រពេញលេញ។ មានមូលហេតុជាច្រើន ដែលផ្តល់ឲ្យយើងនូវ​ក្ដីសង្ឃឹម”៕

Ms. Mom Chandany briefs two UNICEF staff on how her team provided extra support to red zones
UNICEF Cambodia/2021/Bunsak But
Ms. Mom Chandany briefs two UNICEF staff on how her team provided extra support to red zones