ការពារកុមារងាយរងគ្រោះជាងគេ ពីផលប៉ះពាល់នៃមេរោគកូរ៉ូណាប្រភេទថ្មី៖ របៀបវារៈសកម្មភាព

ការសម្របសម្រួលជាសកល គឺជាកត្តាចាំបាច់ត្រូវធ្វើជាបន្ទាន់ ដើម្បីបង្ការមិនឱ្យវិបត្តិសុខភាពមួយនេះ ក្លាយជាវិបត្តិសិទ្ធិកុមារ។

UNICEF
UNICEF Cambodia/2020/ Miguel Jeronimo
UNICEF Cambodia/2020/Miguel Jeronimo
29 ឧសភា 2020

ការរាតត្បាត​ជាសកល​នៃជំងឺដែលបង្កដោយមេរោគ​​កូរ៉ូណាប្រភេទថ្មី (កូវីដ១៩) កំពុងកើតមានក្នុងទំហំ​មួយដែល​មនុស្ស​ភាគច្រើននាពេលបច្ចុប្បន្ននេះ មិនធ្លាប់​ជួបប្រទះ​។ នៅទូទាំងសកលលោក​ ការផ្ទុះទ្បើងនូវជំងឺនេះកំពុង​ធ្វើ​ឱ្យបាត់បង់ជីវិត និងប៉ះពាល់​ជីវភាពរស់នៅ​ ធ្វើឱ្យ​ប្រព័ន្ធសុខាភិបាល​​ទ្រុឌទ្រោម​ សាលារៀនត្រូវ​បិទទ្វារ​ និង​ក្រុមគ្រួសារ​ត្រូវ​ជួបការលំបាកក្នុងការ​រស់នៅប្រចាំថ្ងៃ។

សហគមន៍នៅក្នុងសកលលោកកំពុង​ក្រោកឈរប្រយុទ្ធនឹង​បញ្ហានេះ ចាប់តាំងពីបុគ្គលិក​សុខាភិបាល​ និងភ្នាក់ងារ​សង្គមកិច្ច ដែលប្រថុយអាយុជីវិត​របស់ខ្លួន ដើម្បីការពារជីវិត​អ្នកងាយរងគ្រោះ​ជាងគេ រហូត​​ដល់យុវជន​ដែលកំពុង​ប្រើប្រាស់​វិធីសាស្ត្រ​​នវានុវត្តន៍ ដើម្បីផ្សព្វផ្សាយ​សារអប់រំ​សុខភាព​ដល់​សាធារណជនទូទៅ។

​បើទោះបីជា​ការឆ្លង​រាលដាលនៃ​មេរោគនេះ​នៅមានល្បឿនយឺតក្នុង​ប្រទេស​មួយចំនួន​ក៏ដោយ ក៏ផលប៉ះពាល់មកលើសង្គមដោយសារជំងឺនេះ នឹងលេចឡើង​ក្នុងសន្ទុះមួយ​ដ៏ឆាប់រហ័ស និង​បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ហើយនៅតាមតំបន់​ជាច្រើន​ ផលប៉ះពាល់ទាំងនេះ កំពុង​កើតមាន​មកលើ​កុមារដែលជួបការលំបាកជាងគេ។

បើពុំមានវិធានការឆ្លើយតប​បន្ទាន់ទេនោះ វិបត្តិ​សុខភាពមួយនេះ​អាច​នឹង​ក្លាយ​​ជា​វិបត្តិសិទ្ធិកុមារ។

ប្រសិនបើពុំមានការចាត់វិធានការ​បន្ទាន់នោះទេ វិបត្តិ​សុខភាពមួយនេះ​អាច​នឹង​ក្លាយ​ជា​វិបត្តិសិទ្ធិកុមារ។ ការរំខានដល់សង្គមបានបង្កផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើកុមារ​ លើសុវត្ថិភាព​​ សុខុមាលភាព​ និងអនាគត​ពួកគេ។ មាន​តែតាមរយៈការ​ធ្វើការងាររួមគ្នា​ប៉ុណ្ណោះ ដែលយើងអាច​ជួយ​កុមារី និងកុមារារាប់លាននាក់ ក្នុងនោះរាប់បញ្ចូលទាំង​កុមារ​ដែល​ធ្លាប់រងគ្រោះពី​ជម្លោះ ​កុមារ​មានពិការភាព និង​កុមារីដែល​ប្រឈមនឹ​ងអំពើហិង្សា ឱ្យនៅតែ​បន្ត​មានសុខភាព​មាំមួន មានសុវត្ថិភាព​ និង​បន្ត​ការរៀនសូត្រ​។

យូនីសេហ្វ​អំពាវនាវ​ឱ្យចាត់វិធាន​ការជាសកល​ដើម្បី៖

១. រក្សា​កុមារ​ឱ្យនៅមានសុខភាពល្អ និងទទួល​បានអាហារូបត្ថម្ភគ្រប់គ្រាន់

កិច្ចខិតខំប្រឹ​ងប្រែង​ជាអន្តរជាតិដើម្បីពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ តាមរយៈការធានា​​ឱ្យមានសម្ភារ​ផ្គត់ផ្គង់​ និងឧបករណ៍ការពារ​បានទៅដល់​សហគមន៍ដែលរងផលប៉ះពាល់​ និងការ​បណ្ដុះបណ្ដាល​បុគ្គលិកសុខាភិបាល​ឱ្យ​ចេះការពារ ធ្វើរោគវិនិច្ឆ័យ និងព្យាបាល​ជំងឺ​ដែល​ឆ្លង​ដោយសារ​មេរោគ​កូរ៉ូណាប្រភេទថ្មី គឺជាការងារដែលត្រូវ​ធ្វើ​ក្នុងរយៈពេលវែង ដើម្បីប្រយុទ្ធប្រឆាំងនឹង​មេរោគនេះ។ ប៉ុន្តែ​ប្រព័ន្ធសុខាភិបាលដែលកំពុង​ទទួល​រង​បន្ទុកយ៉ាងធ្ងន់ធ្ងររួច​ទៅហើយនោះ កំពុង​ក្លាយជាបញ្ហាសម្រាប់អ្នកជំងឺពីមេរោគដទៃ ជាជាង​លើ​អ្នកជំងឺកូវីដ១៩។

នៅតាមតំបន់​ក្រីក្រជាង​គេ​ក្នុងពិភព​លោក​ កុមារ​ដែល​ត្រូវ​ការ​សេវា​ជាមូលដ្ឋានប៉ុន្តែសំខាន់ចាំបាច់សម្រាប់ពួកគេដូចជា សេវា​ការពារជំងឺ ដូចជា​ជំងឺ​រលាកសួត ជំងឺគ្រុនចាញ់ និង​ជំងឺរាកជាដើម ដែលកំពុង​ប្រឈម​នឹង​ការ​មិន​បានទទួលសេវាទាំងនេះ។ ការអាក់ខានសេវាផ្គត់ផ្គង់ និងសេវា​ថែទាំសុខភាព​កំពុង​​បំផ្លាញ​សមិទ្ធផលថ្មីៗដែល​សម្រេច​បាន​លើផ្នែកសុខភាព​កុមារ អាហារូបត្ថម្ភ និងការ​អភិវឌ្ឍកុមារ ដែលអាចនាំ​ឱ្យករណី​បាត់បង់ជីវិត​របស់កុមារកើនឡើងខ្ពស់។ កម្មវិធីអាហារូបត្ថម្ភដែលត្រូវ​បាន​ផ្អាក​ការអនុវត្ត មានន័យថាកុមារ​ដែល​ខ្វះអាហារូបត្ថម្ភ នឹង​ពុំទទួល​បានការ​ព្យាបាល​។ ការអាក់ខានសេវា​ផ្ដល់​ថ្នាំបង្ការ​អា​ចនាំ​ឱ្យមានការ​ផ្ទុះ​ជំងឺ ​ដែល​មានវ៉ាក់សាំងការ​ពារ​រួចទៅហើយ។

ខណៈពេលដែល​ប្រព័ន្ធសុខាភិបាលកាន់តែ​ទទួលរងសម្ពាធ​ ទារក និងកុមារ នឹង​ត្រូវ​បាត់បង់ជីវិត ដោយសារ​មូលហេតុ​ដែលគេអាច​បង្ការបាន។

យូនីសេហ្វអំពាវនាវ​ដល់រដ្ឋាភិបាល និងដៃគូនានា​ឱ្យបន្ត​និរន្តរភាពសេវា​សុខភាពមាតា ទារកទើបកើត និង​កុមារដែលជា​សេវា​សង្គ្រោះជីវិត។ នេះមានន័យថា ត្រូវ​បន្ត​ឆ្លើយតបចំពោះតម្រូវការបន្ទាន់ ដែល​កើតឡើង​ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​ក្នុងពេលជាមួយគ្នា​ បន្តអនុវត្ត​អន្តរាគមន៍​សុខភាព​សំខាន់ៗដូចជា ផ្ដល់​ថវិកា​គាំទ្រ​ដល់​កម្មវិធីអាហារូបត្ថម្ភ និង​ថ្នាំបង្ការ ដែលធានា​ឱ្យកុមារនៅតែ​បន្ត​មានជីវិត និង​អភិវឌ្ឍ។ ការឆ្លើយតបរបស់យើងចំពោះជំងឺ​កូវីដ១៩ ត្រូវតែជាការឆ្លើយតប​ដែលពង្រឹង​ប្រព័ន្ធសុខាភិបាល​ និងធានា​ឱ្យ​មានការផ្ដល់​សេវា​ថែទាំ​ជា  សកល ប្រកបដោយគុណភាព និង​ងាយស្រួលទទួលបានក្នុងរយៈពេលវែង។

២. ផ្ដល់សេវា​ទឹកស្អាត​ និងអនាម័យដល់កុមារ​ងាយរងគ្រោះ

ការការពារ​ខ្លួនឯង​ និងអ្នកដទៃ តាមរយៈការលាងសម្អាត​ដៃ​ និងការធ្វើអនាម័យ​ឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ជាងពេល​ណាៗទាំងអស់ក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ​សម្រាប់កុមារជាច្រើន សម្ភាររូបវន្តទឹកស្អាត និងអនាម័យជាមូលដ្ឋាន​ គឺពួកគេនៅមិនទាន់ទទួលបាននៅទ្បើយទេ។

កុមារមួយចំនួនមិនទទួលបានទឹកស្អាត ដោយសារ​ពួកគេ​រស់នៅតំបន់​ដាច់ស្រយាល ឬនៅកន្លែង​ដែល​ទឹកពុំត្រូវ​បាន​សម្អាត ឬកន្លែងមានការ​បំពុល​ទឹក។ កុមារផ្សេងទៀតខ្វះលទ្ធភាពទទួលបានសម្ភាររូបវន្តទាំងនេះ ដោយសារ​ពួកគេគ្មានផ្ទះសម្បែង​រស់នៅ រស់នៅក្នុង​តំបន់​ក្រីក្រ ឬតាមចិញ្ចើមផ្លូវ​ជាដើម។

មានប្រជាជនពិភព​លោក​ប្រមាណ ៤០% នៅខ្វះ​សម្ភាររូបវន្ត​លាងសម្អាត​ដៃជាមូលដ្ឋាន ជាមួយសាប៊ូ និងទឹក​ នៅក្នុងផ្ទះ​របស់​ពួកគេ ហើយ​នៅ​ក្នុងប្រទេស​ដែលមានការ​អភិវឌ្ឍតិចតួច ចំនួននេះកើនឡើង​ដល់ជិតបីភាគបួន។ យូនីសេហ្វ​ សូមអំពាវនាវ​ដល់រដ្ឋាភិបាលឱ្យ​ផ្ដល់អាទិភាព​ដល់កុមារងាយរងគ្រោះជាងគេ។ ការអំពាវនេះគឺស្រប ពេលដែលយើងកំពុង​ធ្វើការ​អំពាវនាវ​ជាបន្ទាន់ឱ្យ​មានការ​ផ្ដល់​ថវិកា និងការគាំទ្រ​ ដើម្បីឱ្យយើង​អាច​ផ្ដល់សម្ភាររូបវន្ត​ទឹកស្អាត​ អនាម័យ បរិស្ថាន និងអនាម័យខ្លួនប្រាណដល់កុមារា និងកុមារី ឱ្យបានកាន់តែច្រើននាក់ថែមទៀត។

៣. ការជួយ​ឱ្យកុមារ​នៅបន្ត​បានរៀនសូត្រ

បច្ចុប្បន្ន កុមារពេញមួយជំនាន់ បានអាក់ខានទទួលការផ្ដល់សេវាអប់រំ។

ខណៈពេលដែលសាលារៀននៅទូទាំងសកលលោកត្រូវ​បិទទ្វារដើម្បី​ទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ១៩ ឪពុកម្ដាយ អាណាព្យាបាល និង​អ្នកអប់រំ បានខិតខំធ្វើការ​ឆ្លើយតបតាមរយៈការរិះរកវិធីថ្មីៗ ដើម្បី​ឱ្យកូនៗរបស់​ពួកគេ​នៅតែបន្ត​បាន​រៀនសូត្រ​។ ប៉ុន្តែមិនមែន​កុមារី និងកុមារា ទាំងអស់សុទ្ធ​តែអាច​មានអ៊ីនធឺណែតប្រើប្រាស់ មានសៀវភៅ ឬសម្ភាររៀនសូត្រ​ដូច​ក្នុងសាលារៀន​នោះឡើយ ហើយសម្រាប់កុមារដែល​ពឹង​លើកម្មវិធី​អាហារូបត្ថម្ភតាមសាលារៀនទៀត​នោះ ការបិទសាលារៀនមាន​នន័យថា​ពួកគេត្រូវ​កាត់ផ្ដាច់​ពីអាហារដែលពួកគេ​ត្រូវការ ដើម្បី​រៀនសូត្រ​ និង​ទទួលបានការ​អភិវឌ្ឍ។

ការបិទទ្វារ​សាលារៀនទូទាំង​ប្រទេស បាន​ធ្វើ​ឱ្យអាក់ខាន​ការអប់រំ​សិស្សជាង​ ១,៥៧ ពាន់លាននាក់ ស្មើនឹង ៩១% នៃចំនួនសិស្ស​ក្នុងសកលលោក។

បទពិសោធពី​ការបិទទ្វារ​សាលារៀនកន្លងមក បានបង្ហាញ​ឱ្យឃើញច្បាស់ថា កុមារ​ដែល​នៅក្រៅសាលា​ក្នុងរយៈពេល​មួយយូរ ជាពិសេស​កុមារីតែម្ដង មិនទំនង​ជា​ត្រឡប់​មករៀនវិញឡើយ នៅពេលដែល​សាលារៀន​បើក​ទ្វារ​ឡើងវិញ។

យើងត្រូវ​ធ្វើសកម្មភាព​បន្ថែម​ទៀត ​ដើម្បីធានា​ឱ្យកុមារគ្រប់រូប​អាចទទួលបាន​ការរៀនសូត្រ​ស្មើៗគ្នា។ យូនីសេហ្វ សូមអំពាវនាវ​ឱ្យរដ្ឋាភិបាល​ធ្វើការ​ពង្រីក​ជម្រើស​រៀនសូត្រ​នៅតាម​សាលារៀន ដូចជាជម្រើសមិនប្រើ​បច្ចេកវិទ្យា និងជម្រើស​ដែលប្រើបច្ចេកវិទ្យា​កម្រិត​ទាប​ និង​ផ្ដល់​អាទិភាព​ដល់​ការ​ភ្ជាប់អ៊ីនធឺណែត​នៅតាម​តំបន់ដាច់ស្រយាល និង​តំបន់ជនបទ។ បច្ចុប្បន្ននេះ មិនមែនជា​ពេលវេលាដែលត្រូវ​បង្វែថវិកា​ជាតិចេញពីវិស័យអប់រំនោះឡើយ ប៉ុន្តែជាពេលដែលត្រូវ​គិតរៀបចំឡើង​វិញពីកម្មវិធីអប់រំ និង​ភ្ជាប់គម្លាត​ឌីជីថល។ យូនីសេហ្វ និងដៃគូនឹង​បន្តធ្វើការងាររួមគ្នា​ដើម្បីឱ្យ​កុមារនៅតែ​បន្ត​រក្សាទំនាក់​ទំនង​ និងទទួល​បានការ​រៀនសូត្រ មិនថា​ពួកគេ​នៅទីណានោះឡើយ។   

៤. គាំទ្រ​ដល់​គ្រួសារដើម្បី​ផ្តល់​តម្រូវ​ការ​ចាំបាច់​ និង​ការ​ថែទាំដល់កូនៗ​ពួកគេ

ផលប៉ះពាល់​ផ្នែកសង្គម-សេដ្ឋកិច្ច ពីជំងឺកូវីដ១៩ នឹងមានកម្រិតធ្ងន់ធ្ងរ​បំផុត​សម្រាប់​កុមារដែលមាន​ឱកាស​តិចតួចជាងគេ​នៅក្នុងពិភព​លោក​។ កុមារជាច្រើននាក់កំពុង​រស់​នៅ​ក្នុងភាព​ក្រីក្ររួចទៅហើយ ហើយផលវិបាក​នៃ​វិធានការ​ឆ្លើយតបចំពោះ​ជំងឺកូវីដ១៩នេះ អាច​ធ្វើ​ឱ្យពួកគេកាន់តែធ្លាក់ជ្រៅ​ទៅ​ក្នុងភាព​លំបាកលំបិនបន្ថែមទៀត។

ខណៈដែលឪពុកម្ដាយរាប់លាននាក់​ជួបការលំបាក​ក្នុង​ការ​រក្សា​ជីវភាព រដ្ឋាភិបាល​ត្រូវ​ពង្រីកវិធានការ​គាំពារ​សង្គម ពោលគឺកម្មវិធី​ និងគោលនយោបាយដែលអាចផ្តល់ប្រាក់ចំណូលដល់​គ្រួសារសម្រាប់ការថែទាំសុខភាព អាហារូបត្ថម្ភ និងការអប់រំ ដែលអាចជួយ​សង្គ្រោះជីវិតពួកគេ។

កម្មវិធីគាំពារ​សង្គម ដូចជាការឧបត្តម្ភសាច់ប្រាក់ និងការគាំទ្រ​តាមរយៈការផ្ដល់ជា​អាហារ និងអាហារូប-    ត្ថម្ភជាដើម។ កម្មវិធីទាំងនោះរួមមាន ការគាំទ្ររបស់​រដ្ឋាភិបាលក្នុងការការពារ​ការងារ និងធ្វើការងារជាមួយ​នឹង​និយោជក ដើម្បី​ផ្ដល់ការគាំទ្រ​ឱ្យ​បាន​គ្រប់គ្រាន់ដល់ឪពុកម្ដាយ​ដែលកំពុងមានការងារធ្វើ

ប្រសិនបើ​ពុំមាន​ការចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ផ្នែកសង្គម និងសេដ្ឋកិច្ច ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ កុមាររាប់សិបលាននាក់​ដែលកំពុង​រស់នៅ​កៀកនឹង​ភាពលំបាកលំបិនទៅហើយនោះ ប្រាកដជា​ធ្លាក់ចូល​ទៅក្នុងភាព​ក្រីក្រជាមិនខាន។

៥. ការពារកុមារពីអំពើហិង្សា​ ការកេងប្រវ័ញ្ច និងការរំលោភបំពាន

កត្តាហានិភ័យដែលនាំ​ឱ្យមានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានកំពុង​កើនឡើង​លើកុមារដែលរស់នៅ​ក្នុង​ស្ថានភាព​មានការរឹតត្បិត​លើការ​ដើរហើរ និង​ការថយចុះផ្នែក​សង្គមសេដ្ឋកិច្ច​។

ស្ថានភាព​បន្ទាន់​ផ្នែក​សុខភាព​ដែលកើតឡើង​កន្លងមកបានបង្ហាញថា កុមារីប្រឈមនឹង​ហានិភ័យ​កាន់តែខ្ពស់ជាងមុនដូចជា អំពើហិង្សាផ្អែកតាមយេនឌ័រ ការរៀបអាពាហ៍ពិពាហ៍​ និងការមានផ្ទៃពោះទាំងវ័យក្មេង​ជាដើម។ ជាមួយនឹងការបិទសាលារៀន និងការរស់នៅ​ដាច់តែឯង កុមារ​ដែលទទួលរងអំពើហិង្សា​នៅក្នុងផ្ទះ ឬអំពើហិង្សា​តាមប្រព័ន្ធអនឡាញ ត្រូវនៅកាន់តែឆ្ងាយ​ពីប្រភព​ផ្ដល់ការគាំទ្រ​ដល់ពួកគេ។ លើសពីនេះបញ្ហាតានតឹងអារម្មណ៍ និងការ​មាក់ងាយ ​ដោយសារ​មានជំងឺ និងដោយសារការលំបាកលំបិនផ្នែកហិរញ្ញវត្ថុ​ ធ្វើឱ្យស្ថានភាព​គ្រួសារ និងសហគមន៍​ដែលកំពុងវឹកវរ​ទៅ​ហើយ​នោះ កាន់តែមានភាព​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដែលធ្វើឱ្យ​កុមារ​កាន់តែប្រឈមនឹងការរើសអើងជាដើម។

យើងត្រូវ​ទប់ស្កាត់មិន​ឱ្យការរាតត្បាត​ជាសកលនេះ​ប្រែក្លាយជាវិបត្តិ​ផ្នែកកិច្ចការពារកុមារ។ រដ្ឋាភិបាល​ចាំបាច់ត្រូវគិតគូរ​ពី​ហានិភ័យជាក់លាក់ ដែលកុមារី​ និងកុមារងាយរងគ្រោះជួបប្រទះ រួមទាំង​កុមារ​ដែល​ប្រឈមនឹង​ការរើសអើង​ និងការមាក់ងាយផងដែរ នៅពេល​រៀបចំផែនការ​រក្សា​គម្លាត​សុវត្ថិភាព​ និងវិធាន​ការ​ផ្សេងទៀត ដើម្បី​ឆ្លើយតប​ចំពោះ​ជំងឺកូវីដ១៩។ យើងត្រូវ​ផ្ដល់ការគាំទ្រ​ដល់កុមារ​ដែល​ត្រូវ​បាន​គេ​ដាក់ឱ្យនៅ​ដោយឡែក​ជាបណ្ដោះអាសន្នពី​ឪពុកម្ដាយដោយសារ​តែជំងឺ​នេះ ក៏ដូចជាកុមារ​ដែល​សេរីភាព​ត្រូវ​បាន​ដកហូត និង​ធ្វើការងាររួមគ្នា​ដើម្បី​ត្រៀមឆ្លើយតបចំពោះការ​កើនឡើង​នូវ​ចំនួនកុមារដែលស្វែងរកការការពារ​ និងការគាំទ្រ​ផ្នែក​សុខភាពផ្លូវចិត្តពីចម្ងាយ។

៦. ការពារជនភៀសខ្លួន និងកុមារចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះ

ជារៀងរាល់ថ្ងៃ កុមារ​ដែលជា​ជនភៀសខ្លួន កុមារ​ចំណាកស្រុក និងកុមារដែលរងផលប៉ះពាល់ដោយសារ​ជម្លោះប្រឈមនឹងការរំលោភបំពានលើសិទ្ធិ និងការគំរាម​កំហែង​ចំពោះ​សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ហើយការរងគ្រោះទាំងនេះកើតឡើង​សូម្បីតែនៅមុនពេលមានជំងឺរាតត្បាតកូវិដ១៩នេះ។​ សម្រាប់​​កុមារី និងកុមារាជាច្រើននាក់ ក្នុងចំណោមកុមារ​ទាំងនេះ ការទទួលបានសេវា​ថែទាំសុខភាព និងសម្ភាររូបវន្តជាមូលដ្ឋានគឺមានតិចតួចបំផុត ហើយ​ការរស់នៅ​កកកុញ ធ្វើ​ឱ្យការរក្សា​គម្លាត​សុវត្ថិភាពមិនអាចធ្វើទៅរួច។

គេមិន​ត្រូវ​ភ្លេច​ពីកុមារទាំងនេះ ដែលជារឿយៗ ត្រូវបានពិភព​លោកមើលរំលងក្នុងអំឡុងពេល​ឆ្លើយតប​ចំពោះជំងឺកូវីដ១៩នេះ។ ឆ្នាំ២០២០ គឺជា​ឆ្នាំដែលមនុស្ស​ច្រើនជាងពេលណា​ៗទាំងអស់ ត្រូវការ​ជំនួយ​មនុស្ស​ធម៌ ហើយការរាតត្បាតជាសកលនេះ​បានត្រឹមតែ​ធ្វើ​ឱ្យ​​ភាពងាយរងគ្រោះរបស់កុមារ​ដែលកំពុង​រស់នៅ​ក្នុងប្រទេស​រងផលប៉ះពាល់​ដោយសារ​វិបត្តិកើនឡើង​បន្ថែមទៀត​តែប៉ុណ្ណោះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសដាក់ឱ្យអនុវត្ត​នូវផែនសកលឆ្លើយតបចំពោះ​វិបត្តិមនុស្សធម៌ ដែលកើតឡើងដោយសារជំងឺ​កូវីដ១៩។ បច្ចុប្បន្ននេះ វា​ស្រេចទៅលើសហគមន៍អន្តរជាតិដែលត្រូវរួបរួមគ្នាដើម្បី​គាំទ្រ​ដល់​កុមារទាំងនេះ​ ជាកុមារដែល​បែកបាក់ពីក្រុមគ្រួសារ និងផ្ទះសម្បែង ដើម្បីជួយ​លើកកម្ពស់សិទ្ធិរបស់ពួកគេ និងការ​ពារពួកគេពីគ្រោះថ្នាក់។

តើយូនីសេហ្វ​កំពុង​ធ្វើអ្វីខ្លះ ដើម្បី​ជួយ​ដល់​កុមារក្នុងអំឡុងពេលមាន​ជំងឺកូវីដ១៩?

ការឆ្លើយតបរបស់យើងចំពោះជំងឺ​ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ត្រូវ​តែ​ជាការ​ឆ្លើយតប​ ដែលក្នុងនោះ​មានការគិតដល់ពិភព​លោកមួយ ដែល​មានភាព​សមស្រប​សម្រាប់កុមារគ្រប់រូប។ ប្រវត្តិសាស្ត្រកន្លងមក​បានបង្ហាញថា យូនីសេហ្វ រួមជាមួយនឹងដៃគូមានបទពិសោធ និង​​មានសមត្ថភាព ក្នុងការធ្វើ​ឱ្យជីវិតរបស់កុមាររាប់លាននាក់ និងគ្រួសារ​របស់ពួកគេ​កាន់តែ​មានភាព​ល្អប្រសើរជាងមុន។ យើងនៅទីនោះនៅពេលដែលមាន​វិបត្តិជនភៀសខ្លួន​ក្រោយ​សង្គ្រាមលោកលើកទីII ហើយយើង​បានឆ្លើយតបចំពោះគ្រប់​គ្រោះមហន្តរាយ​ធម្មជាតិ ជម្លោះប្រដាប់អាវុធ គ្រោះទុរ្ភិក្ស និងជំងឺទាំងអស់ចាប់ពីពេលនោះមក។

ហើយ​ឥឡូវនេះយើងនៅទីនេះ យើងកំពុងមានវត្តមាន​នៅក្នុងប្រទេសចំនួន១៩២ ធ្វើការ​ងារជាមួយ​     សហគមន៍ រដ្ឋាភិបាល និងដៃគូ ដើម្បីពន្យឺត​ការឆ្លងរាលដាលជំងឺកូវីដ១៩ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់​ផ្នែកសង្គម និងសេដ្ឋកិច្ច​ ដែលកំពុង​កើតមានលើកុមារ និងគ្រួសាររបស់ពួកគេ។

យើងប្ដេជ្ញា៖

  • ធ្វើការជាមួយរដ្ឋាភិបាល អាជ្ញាធរ និងដៃគូ សុខភាពសកលដើម្បីធានា​ឱ្យ​មានការផ្គត់ផ្គង់ និងការ​ផ្ដល់​ឧបករណ៍ការពារ​សំខាន់ៗ​ដល់ដៃសហគមន៍​ដែលងាយរងគ្រោះជាងគេ
  • ផ្ដល់​អាទិភាព​ដល់​ការផ្គត់ផ្គង់ឱសថសង្គ្រោះជីវិត និងថ្នាំបង្ការ​ និងធ្វើការងារ​ឱ្យបានជិតស្និទ្ធជាមួយនឹង​       រដ្ឋាភិបាល និងបណ្ដាញ​ភស្តុភារ​ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ ដែល​ការរឹតត្បិតលើ​កការធ្វើដំណើរមាន​លើការ​ដឹកជញ្ជូនសម្ភារផ្គត់ផ្គង់ទាំងនោះ
  • ធ្វើការងារជាមួយដៃគូដើម្បីចែក​សម្ភាររូបវន្ត ផ្គត់ផ្គង់ទឹក អនាម័យ បរិស្ថាន និងអនាម័យ​ផ្ទាល់ខ្លួនជាបន្ទាន់ ដល់សហគមន៍ដែលងាយរងគ្រោះជាងគេ
  • ផ្សព្វផ្សាយ​សារអប់រំ និងដំបូន្មាន​សុខភាព​សាធារណៈសំខាន់ៗ ដើម្បីពន្យឺតការឆ្លងរាលដាលមេរោគនេះ និងកាត់បន្ថយ​ករណី​បាត់បង់ជីវិត​ឱ្យបាន​ជាអតិបរមា
  • ជួយដ​ល់រដ្ឋាភិបាលដើម្បីបន្តរក្សា​សុវត្ថិភាព​ក្នុងសាលារៀន និងធានា​ឱ្យកុមារ​បន្ត​ការរៀនសូត្រ​របស់ពួកគេ ផ្ដល់ដំបូន្មាន និងការគាំទ្រ​ដល់​ឪពុកម្ដាយ អាណាព្យាបាល និងអ្នកអប់រំ​ដើម្បីជួយ​ដល់​ការរៀនសូត្រ​ពីផ្ទះ និងពី​ចម្ងាយ ព្រមទាំង​ធ្វើការងារ​ជាមួយដៃគូនានា ដើម្បីរៀបចំ​ដំណោះស្រាយ​អប់រំដែលមានលក្ខណៈ        នវានុវត្តន៍
  • ផ្ដល់ការណែនាំ​ដល់និយោជកអំពីវិធីសាស្ត្រ​ដែលល្អបំផុតដើម្បីជួយ​ដល់​ឪពុកម្ដាយ​ដែលកំពុងធ្វើការ និង​រៀបចំ​ដំណោះស្រាយគាំពារសង្គមថ្មី ដែលធានា​ថា​គ្រួសារ​ដែលក្រីក្រជាងគេ អាចទទួលបាន​ការ​ឧបត្ថម្ភថវិកា​ក្នុងពេល​ដ៏មានសារៈសំខាន់នេះ
  • រៀបចំ​ឱ្យមានការរៀនសូត្រ និងការ​ចែករំលែក​ព័ត៌មានពីគ្នាទៅវិញទៅមករវាង​កុមារ ក្មេងជំទង់ និងយុវជន ដើម្បីគាំទ្រ​ដល់សុខភាពផ្លូវចិត្ត​របស់ពួកគេ និងប្រយុទ្ធប្រឆាំងនឹង​ការ​មាក់ងាយ ការស្អប់ជនបរទេស និង  ការរើសអើង
  • ធ្វើការជាមួយនឹងរដ្ឋាភិបាល អាជ្ញាធរ និងដៃគូរដទៃទៀត ដើម្បីធានា​យ៉ាងណា​ឱ្យ​មានការ​បញ្ចូល​វិធានការ​លើកកម្ពស់សិទ្ធិកុមារ និងការពារ​កុមារ​ទៅ​ក្នុង​ការធ្វើផែនការ​ឆ្លើយតប​បន្ទាន់ចំពោះជំងឺកូវីដ១៩ និងផែនការ​ស្ដារ​ឡើងវីញ​ក្នុងរយៈពេលវែង
  • ពង្រឹង​ការងាររបស់យើងជាមួយនឹង​ជនភៀសខ្លួន និងកុមារ​ចំណាកស្រុក​ ព្រមទាំងអ្នកដែលរងផលប៉ះពាល់​ដោយសារជម្លោះ ដើម្បីធានាយ៉ាងណាឱ្យពួកគេ​ទទួលបានការការពារ​ពីជំងឺ​កូវីដ១៩
  • គាំទ្រ​​ឱ្យកុមារ​អាច​ចូលរួម​ប្រកបដោយអត្ថន័យក្នុងការរៀបចំ និងការអនុវត្តកម្មវិធីនានាដើម្បីឆ្លើយតបចំពោះជំងឺកូវីដ១៩។