ការការពារកុមារកម្ពុជាក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាត

ការការពារកុមារក្នុងពេលមានជំងឺរាតត្បាត គឺសំខាន់ជាងពេលណាៗទាំងអស់ ដោយសារហានិភ័យកាន់តែកើនទ្បើងចំពោះកុមារ។ អត្ថបទនេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហការដោះស្រាយបញ្ហា។

Jaime Gill
Single mother Sophany Ngoun is glad to have her whole family with her again
UNICEF Cambodia/2021/Bunsak But
17 ធ្នូ 2021

រូបថតខាងលើបង្ហាញពីអ្នកស្រី សុផានី ងួន សប្បាយចិត្តដែលបានរស់នៅជួបជុំកូនៗរបស់គាត់។

កុមារបានទទួលរង​ផលវិបាកជាច្រើន​​ពីជំងឺរាតត្បាត​កូវីដ-១៩ បើទោះជាពួកគេមិនបានប្រឈមនឹងហានិភ័យផ្នែកសុខភាពធ្ងន់ធ្ងរបំផុតក្ដី។ ស្របពេលដែលពួកគេរងការរំខានចំពោះ​ការអប់រំរបស់ខ្លួន មានកុមាររាប់លាននាក់បន្ថែមទៀត​បានធ្លាក់ទៅក្នុងភាពក្រីក្រ ជាមួយនឹង​ហានិភ័យចំពោះសុខភាពផ្លូវកាយ អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្ត។ ការសិក្សានានា​បានបង្ហាញថា ពួកគេបានប្រឈមនឹងហានិភ័យ​កាន់តែខ្ពស់ចំពោះ​អំពើហិង្សា​នៅតាមផ្ទះ ជាមួយនឹងភាពគ្មានការងារធ្វើរបស់ឪពុកម្ដាយ ការលំបាកផ្នែកសេដ្ឋកិច្ច និង​ភាពតានតឹងក្នុងចិត្ត ដែលសុទ្ធសឹងជា​កត្តារួមចំណែក។

ទាំងនេះ គឺជាបញ្ហា ដែលត្រូវបានលើកទ្បើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន ដែលបាន​រៀបចំ​នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល​​កាលពីថ្ងៃទី២ ខែធ្នូ កន្លងមកនេះ។ ឪពុកម្ដាយ​នៅក្នុងមូលដ្ឋានប្រមាណ ៣០នាក់​បានជួបជុំ​គ្នា​នៅទីស្នាក់ការភូមិ ដែលចំនួននេះស្ថិត​ក្នុងចំណោមឪពុកម្ដាយចំនួន ១០.០០០នាក់ ដែល បានចូលរួមក្នុងវគ្គសិក្សាបែបនេះ​នៅ​ទូទាំងប្រទេសកម្ពុជានៅឆ្នាំ២០២១។ ឪពុកម្ដាយ​បានធ្វើការងារជាមួយគ្រូបណ្ដុះបណ្ដាល​ជំនាញ មកពី​គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់​ ​ក្នុងការកំណត់ និងរិះរកវិធីនានា ដែលពួកគេអាចឆ្លើយតប​បែបវិជ្ជមាន​ចំពោះបញ្ហា​ប្រឈម​នានា​នៅក្នុងជីវិតគ្រួសារ ស្របពេលដែលផ្ដល់​ការគាំទ្រ​ដល់កុមារ ដែលរមែង​តែរងភាពតានតឹងក្នុងចិត្ត​​ពីស្ថានភាព​នៃ​ជំងឺរាតត្បាតនេះផងដែរ។

02 December 2021, Kandal Province, Mr Soeung Sean attended the positive parenting, mental health and psychosocial supports to respond to the COVID-19 impact that was funded by the Japanese government through UNICEF.
UNICEF Cambodia/2021/Bunsak But ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៖ លោក សឿង ស៊ាន គឺជាឪពុកមួយរូបក្នុងចំណោមឪពុកម្តាយជាច្រើនទៀតដែលបានចូលរួមក្នុងវគ្គសិក្សានៃការចិញ្ចឹមកូនបែបវិជ្ជមាន ដែលបានរៀបចំទ្បើងនៅក្នុងខេត្តកណ្តាលកន្លងទៅនេះ។

លោក សឿង ស៊ាន បាននិយាយថា៖ “ខ្ញុំ​បានចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាល​អំពី​ការចិញ្ចឹមកូនបែបវិជ្ជមាន​ចំនួនបីដងហើយ​មកដល់ពេលនេះ។ វាពិតជាមានការផ្លាស់ប្ដូរ​យ៉ាងធំ​នៅក្នុងជីវិតរបស់ខ្ញុំ​ផ្ទាល់។ ពីមុន ខ្ញុំមិនស្ដាប់​កូនៗរបស់​ខ្ញុំឡើយ។ នៅពេលខ្លះ ខ្ញុំបានប្រើប្រាស់កម្លាំង ដើម្បីដាក់វិន័យលើពួកគេ។ ប៉ុន្តែនៅពេលនេះ​ខ្ញុំ​បានរៀន​សាកល្បង និង​និយាយអំពីបញ្ហា​នានា​ជំនួសវិញ។ ខ្ញុំបានដឹងថា ភាពរប៉ិលរប៉ូច ឬការនិយាយតមាត់​របស់​កុមារ គឺជារឿងធម្មតា ហើយវាជាផ្នែកមួយនៃជីវិតជាកុមារ។ ទណ្ឌកម្មធ្ងន់ធ្ងរ គឺពុំចាំបាច់ឡើយ។”

យូនីសេហ្វ​បានគាំទ្រ​វគ្គបណ្ដុះបណ្ដាលអំពីការចិញ្ចឹមកូនបែបវិជ្ជមាន​អស់រយៈពេលជាង៥ឆ្នាំហើយ។ វគ្គ​ចុងក្រោយទាំងនេះ​ត្រូវបានផ្ដល់ដោយអង្គការ ICS-SP និងត្រូវបានរៀបចំផែនការ និងអនុវត្ត​ដោយ​អាជ្ញាធរមូលដ្ឋាន​នៅខេត្ត​កណ្ដាល ដោយមានការគាំទ្រ​ពីយូនីសេហ្វ ព្រមទាំងដឹកនាំរួម​គ្នាពី​ក្រសួង​កិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ)។ វគ្គបណ្ដុះបណ្ដាលទាំងនេះទទួលបានមូលនិធិពី​រដ្ឋាភិបាល​ជប៉ុន ដែលជា​ដៃគូសំខាន់មួយ​នៅក្នុងការងារកិច្ចការពារ​កុមាររបស់យូនីសេហ្វ​នៅកម្ពុជា។ ភាពជាដៃគូនេះ​បានចាប់ផ្ដើម​នៅឆ្នាំ២០១៩ និងជាភាពជាដៃគូដ៏មានតម្លៃ ដោយសារកត្តាហានិភ័យ​បានកើនឡើង ដែលបង្កឡើង​ដោយ​ជំងឺរាតត្បាត ដែលនឹកស្មានមិនដល់នេះ។ នៅខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ​បានចូលរួម​ក្នុងភាពជាដៃគូថ្មីមួយ ដែលត្រូវបានរៀបចំយ៉ាងជាក់លាក់ ដើម្បី​កាត់បន្ថយ និងទប់ស្កាត់​អំពើហិង្សា​លើកុមារ​នៅក្នុងអំឡុងពេល និងក្រោយពេលនៃជំងឺរាតត្បាត។

ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មិកាមិ បានចូលរួម​នៅក្នុងទស្សនកិច្ច​នៅមូលដ្ឋាន​ជាមួយ​សហការីមកពី​យូនីសេហ្វ និងក្រសួង ស.អ.យ ដោយបានថ្លែងទៅកាន់​បុគ្គលិកកិច្ចការពារកុមារ​នៅខេត្តកណ្ដាល និងសង្កេតមើល​ផែ្នកមួយ​នៃ​ការបណ្ដុះបណ្ដាលអំពីការចិញ្ចឹមកូនបែបវិជ្ជមាន។ ឯកឧត្តម មិកាមិ បានថ្លែងថា “ខ្ញុំស្ងើចសរសើរ​ចំពោះ​របៀបដែលដៃគូនៅក្នុងរាជរដ្ឋាភិបាល​កម្ពុជា ​បានរៀបចំខ្លួនយ៉ាងមានប្រសិទ្ធភាព ដើម្បីការពារកុមារកាន់តែល្អប្រសើរ។ ពួកគេកំពុងប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់ដូចជាក្រុមប្រឹក្សាឃុំ​សង្កាត់ និងធ្វើការងារជាមួយ​អង្គការមិនមែនរដ្ឋាភិបាល និងដៃគូរបស់យើង​ ជាមួយយូនីសេហ្វ ដើម្បីធ្វើឲ្យស្ថានភាពនានា​កាន់តែមានភាពល្អប្រសើរ​សម្រាប់កុមារ។ ខ្ញុំពិតជាមានមោទនភាព ដែលយើង​អាចគាំទ្រការងារនេះ។”

ជាលទ្ធផល​នៃភាពជាដៃគូនេះ ប្រព័ន្ធកិច្ចការពារ​ត្រូវបានពង្រឹងគួរឲ្យកត់សម្គាល់នៅទូទាំងប្រទេស​កម្ពុជា។ យុទ្ធនាការ Cambodia PROTECT ដើម្បីទប់ស្កាត់​អំពើហិង្សា​បានគ្របដណ្ដប់ទៅដល់​កុមារ ឪពុកម្ដាយ អ្នកថែទាំ និងសមាជិកសហគមន៍ចំនួន ១០លាននាក់។ បន្ថែមលើនេះ មន្រ្តីរដ្ឋាភិបាល និងសមាជិកនៃកម្លាំងសេវាសង្គម​ចំនួន ៩៦៣នាក់ បានទទួលការបណ្ដុះបណ្ដាល​អំពី​ការទប់ស្កាត់ និងការឆ្លើយតបចំពោះ​អំពើហិង្សាលើកុមារ។

ការការពារកុមារ​នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ​មានន័យថា ជាការផ្ដោតការយកចិត្តទុកដាក់​លើ​កុមារងាយរងគ្រោះបំផុត ដូចជាកុមារដែលរស់នៅ ឬបានរស់នៅក្នុង​មណ្ឌលថែទាំកុមារ (ពេលខ្លះគេហៅថា មណ្ឌលកុមារកំព្រា)។ នៅកម្ពុជា មានកុមារច្រើនជាង ៩.០០០នាក់​ នៅតែកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារ ដែលជាញឹកញាប់ ពួកគេប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់​ចំពោះ​សុខភាពផ្លូវកាយ និងផ្លូវចិត្ត​របស់ពួកគេ។ នៅក្នុងឆ្នាំថ្មីៗនេះ ក្រសួង ស.អ.យ បានចាប់ផ្ដើម​ចាត់អាទិភាពលើ​ការយកកុមារជាច្រើនតាមអាចធ្វើ​បាន ចេញពីមណ្ឌលថែទាំកុមារ និងបញ្ជូនពួកគេទៅកាន់គ្រួសារវិញ ដែលនេះហៅថាដំណើរការសមា​ហរ​ណ​កម្ម។

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៖ លោក សាត សុធី គឺជាប្រធានការិយាល័យសុខុមាលភាពកុមារនៅខេត្តកណ្ដាល។
UNICEF Cambodia/2021/Bunsak But ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៖ លោក សាត សុធី គឺជាប្រធានការិយាល័យសុខុមាលភាពកុមារនៅខេត្តកណ្ដាល។

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្រ្តីជាម្ដាយទោលម្នាក់ ឈ្មោះ ងួន សុផានី បានសម្រេចចិត្តទាំងស្ទាក់ស្ទើរ​ក្នុងការយកកូនបីនាក់របស់គាត់​ទៅដាក់ក្នុងមណ្ឌលថែទាំកុមារ ដោយគាត់ជឿជាក់ថា ពួកគេនឹងទទួលបាន​ការថែទាំ និងការអប់រំ​ល្អជាង​នៅជាមួយ​គាត់។ “ខ្ញុំរស់នៅក្នុងភាពក្រីក្រ​ពេញមួយជីវិតខ្ញុំ ហើយខ្ញុំ​មិនគិតថាខ្ញុំអាច​ជួយ​កូនៗឲ្យអាច​រៀនសូត្របានឡើយ។ ខ្ញុំ​គ្មានអ្វី ដើម្បីផ្ដល់ដល់​កូនៗ​ឡើយ ហើយមានតែការអប់រំទេ ដែលអាចជួយ​ពួកគេឲ្យមានជីវិតល្អប្រសើរឡើងបាន”។

លោក សាត សុធី គឺជាប្រធានការិយាល័យ​សុខុមាលភាព​កុមារនៅខេត្តកណ្ដាល។ លោក សុធី​បានថ្លែងថា “ខ្ញុំខ្លួនឯង​បានឆ្លងកាត់ការលំបាក​នៅក្នុងគ្រួសារ ហើយខ្ញុំចង់ជួយអ្នកដទៃទៀតកុំឲ្យជួបប្រទះរឿងដូចខ្ញុំ។ គ្រួសារកម្រ​ចង់បែកបាក់គ្នាណាស់ ពួកគេរងការគំរាមកំហែងពីស្ថានភាពនានា ហេតុនេះខ្ញុំគាំទ្រយ៉ាងពេញ​លេញ​ចំពោះ​សមាហរណកម្ម។ ខ្ញុំតែងតែស្ងើចសរសើ​រចំពោះការប្ដេជ្ញាចិត្តរបស់អ្នកស្រី សុផានី​ ចំពោះកូនៗរបស់​គាត់ ជាពិសេសចំពោះការអប់រំរបស់ពួកគេ។”

លោក សុធី បានជឿជាក់ថា គ្រួសាររបស់អ្នកស្រី សុផានី មានភាពសក្ដិសម​សម្រាប់​សមាហរណកម្ម និង​បានផ្ដល់​ដល់គ្រួសារ​នូវ​ការគាំទ្រជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យសមាហរណកម្ម​កើតឡើងបានដូចជា ការជួយគាត់​ក្នុងការ​បង្កើត​មុខរបរលក់នំបញ្ចុក។ កូនៗរបស់គាត់​បានវិលត្រលប់មកវិញកាលពីបួនឆ្នាំមុន។ វាគឺជាសាច់រឿងជោគជ័យ​មួយ ប៉ុន្តែនៅតែមានបញ្ហាប្រឈមនានា ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។ សិស្សសាលា និងកម្មកររោងចក្រ គឺជាអតិថិជនចម្បងរបស់​អ្នកស្រី សុផានី ហេតុនេះ មុខរបររបស់គាត់បានរងការប៉ះទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ នៅពេលសាលារៀន និងរោងចក្រ​បានបិទទ្វារអស់ជាច្រើនខែ។ ជាលទ្ធផល ការគាំទ្រ​ក្នុង​គ្រាអាសន្ន​មួយ​ចំនួន​ត្រូវបានផ្ដល់ជូនគាត់។ “កូនពីរនាក់របស់ខ្ញុំចង់រកការងារធ្វើដើម្បីជួយខ្ញុំ ប៉ុន្តែខ្ញុំបាននិយាយថា ទេ ដោយ​សារ​ខ្ញុំមិនចង់ឲ្យ​ពួកគេ​ឈប់រៀន ដែលជាក្ដីបារម្ភយ៉ាងធំរបស់ខ្ញុំ​។ ខ្ញុំបាននិយាយថា ការងារនេះគឺជាបន្ទុករបស់ម្តាយ ហើយខ្ញុំបានដោះស្រាយបញ្ហានោះ ប៉ុន្តែវាជាពេលវេលា​ដ៏លំបាកលំបិនណាស់។ នៅពេលនេះ ខ្ញុំមានមោទន​ភាព​ ដែលកូនច្បងរបស់ខ្ញុំ​នឹងប្រលងបាក់ឌុបរបស់គាត់​នៅពេលឆាប់ៗនេះ​ ខ្ញុំសង្ឃឹមថគាត់នឹង​បញ្ចប់​ការ​សិក្សា​ថ្នាក់វិទ្យាល័យ ដែលគាត់ជាមនុស្សដំបូងក្នុងគ្រួសាររបស់ខ្ញុំដែលបញ្ចប់ការសិក្សាកម្រិតនេះ។”

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា៖ “ស្របពេលដែលការផ្ដល់ការគាំទ្រជំនាញ​ដោយក្តីករុណាចំពោះ​កុមារដែលបានជួបប្រទះនឹង​គ្រោះថ្នាក់ គឺជាសមាសធាតុសំខាន់ខ្លាំងបំផុត​នៃប្រព័ន្ធកិច្ចការពារកុមារដ៏រឹងមាំ ការព្យាយាម និងការទប់ស្កាត់គ្រោះថ្នាក់ពីការកើតឡើងតាំងពីដំបូង​គឺជាការប្រសើរជាង។ យើងមានមោទនភាព​ ដែលបានធ្វើការងារ​ជាមួយ​ក្រសួង ស.អ.យ ក្នុងការរៀបចំបទដ្ឋានកិច្ចការពារ​កុមារជាតិ ដែលចាត់អាទិភាពលើ​ការថែទាំតាមគ្រួសារប្រកបដោយសុវត្ថិភាព និង​គាំទ្រ​ការបណ្ដុះបណ្ដាល ដើម្បីធ្វើឲ្យបរិយាកាសគ្រួសារ​មានសុវត្ថិភាព និងក្ដីស្រឡាញ់។ យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន​ចំពោះ​ការប្ដេជ្ញាចិត្តរយៈពេលវែង​ចំពោះ​កិច្ចការពារកុមារ និងការវិនិយោគកាន់តែច្រើនរបស់ពួកគេ​នៅក្នុងអំឡុងពេល​នៃជំងឺរាតត្បាតនេះ។”

អ្នកស្រី សុផានី បាននិយាយថា គាត់រីករាយ ដែលនៅពេលនេះ គាត់មានឱកាស​ចិញ្ចឹម និងថែទាំកូនៗ​របស់​គាត់ដោយខ្លួនឯង។ “វាពិតជាស្រស់ស្រាយណាស់ ដែលអាចវិលមកផ្ទះនៅពេលល្ងាច ហើយឃើញកូនទាំងអស់​របស់ខ្ញុំ​នៅជាមួយខ្ញុំ។ ហើយនោះមានន័យថា ខ្ញុំអាចមើលឃើញថា ពួកគេក្ដៅ ឬត្រជាក់ ឬឃ្លានភ្លាម​ដោយខ្លួនឯង ហើយខ្ញុំអាចជួយ​ពួកគេ​បាន ក្នុងនាមជាម្ដាយ។”

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៖ ឯកអគ្គរាជទូតជប៉ុន បានចូលរួមដំណើរទស្សនកិច្ចនៅមូលដ្ឋានជាមួយនាយិកាយូនីសេហ្វ ដើម្បីសង្កេតមើលកិច្ចខិតខំប្រឹងប្រែងនៃកិច្ចការពារកុមារនៅក្នុងខេត្តកណ្តាល។
UNICEF Cambodia/2021/Bunsak But ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៖ ឯកអគ្គរាជទូតជប៉ុន បានចូលរួមដំណើរទស្សនកិច្ចនៅមូលដ្ឋានជាមួយនាយិកាយូនីសេហ្វ ដើម្បីសង្កេតមើលកិច្ចខិតខំប្រឹងប្រែងនៃកិច្ចការពារកុមារនៅក្នុងខេត្តកណ្តាល។