កម្មវិធីវិទ្យុថ្មីរបស់យូនីសេហ្វកម្ពុជា អំពីការអប់រំកុមារតូច និងការចិញ្ចឹមកូនបែបវិជ្ជមាន

ការបើកកម្មវិធិវិទ្យុសហការជាមួយ MOEYs & MOI

Lydia Darby
UNICEF Cambodia/2020
UNICEF Cambodia/2020
04 មិថុនា 2020

ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃការរាតត្បាតជំងឺកូវីដ១៩ កម្មវិធីវិទ្យុថ្មីមួយត្រូវបានបង្កើតឡើងដោយមានសារគន្លឹះ និងសកម្មភាពសិក្សាផ្នែកសុខភាព អនាម័យ អាហារូបត្ថម្ភ ការពារកុមារ ការសិក្សាដោយការលេងកំសាន្ត ការអប់រំ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារតូចនៅផ្ទះ។  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីយូនីសេហ្វ និងកម្មវិធីដៃគូសហការសកលសម្រាប់ការអប់រំ(GPE) ដែលផ្តល់សារសំខាន់ៗ និងវិធីសាស្ត្រក្នុងការថែរក្សា គាំទ្រ និងការពារកុមារក្នុងអំឡុងពេល និងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ១៩។​

ភាគនីមួយៗនៃកម្មវិធីនេះនឹងសម្តែងឡើងបែបល្ខោននិយាយ ដែលរូមមានការសន្ទនារវាងតួអង្គសំខាន់ៗនៅក្នុងសាច់រឿង។​ កម្មវិធីនេះបង្កើតឲ្យមានការចូលរួម និងការកំសាន្ត ហើយក៏មានការណែនាំពីវិធីសាស្ត្រចិញ្ចឹមកូនក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃក្នុងប្រទេសកម្ពុជា​ ក៏ដូចជាសកម្មភាពសិក្សាមួយចំនួន (ដូចជា ការច្រៀងតាមបទចម្រៀង និងក្បាច់រាំ) សម្រាប់កុមារជាដើម។

ភាគទីមួយមានចំណងជើងថា “បងប្អូនទាំងបួន” ដែលតំណាងឲ្យសិទ្ធិកុមារ បានធ្វើការចាក់ផ្សាយលើកដំបូងកាលពីទិវាសិទ្ធិកុមារ ថ្ងៃទី១​ ខែមិថុនានេះ។ កម្មវិធីវិទ្យុនឹងធ្វើការចាក់ផ្សាយលើស្ថានីយ៍វិទ្យុជាតិ (AM 918​​ KHz និង FM 105.70 MHz) ជារៀងរាល់ថ្ងៃច័ន្ទ ពុធ និង​ព្រហស្បតិ៍ វេលាម៉ោង៩:០០ព្រឹក ហើយលោកអ្នកអាចស្តាប់ការថតសំឡេង នៅលើគេហទំព័រ ហ្វេសប៊ុក ECCD Cambodia​ និង យូធូប ​​ECCD Cambodia ។​ 

គ្រប់ភាគទាំងអស់នឹងបង្ហាញពីប្រធានបទផ្សេងៗ រួមមាន ការចិញ្ចឹមកូនបែបវិជ្ជមាន និងផែនការគ្រួសារ ការមានផ្ទៃពោះដោយមានសុខភាពល្អ និងអាហារូបត្ថម្ភ។ ប្រិយមិត្តអ្នកស្តាប់នឹងទទួលបានចំណេះដឹងពីសារៈសំខាន់នៃការលេងកំសាន្ត គ្រោះថ្នាក់ផ្សេងៗដែលងាយនឹងកើតឡើងចំពោះកុមារក្នុងប្រទេសកម្ពុជាដូចជាការលង់ទឹកដោយចៃដន្យ វិធីសាស្ត្របង្ការ​ និងទប់ស្កាត់កំហឹង។ ឪពុកម្តាយនឹងមានការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់ឪពុកក្នុងការចិញ្ចឹមកូន របៀបប្រាស្រ័យទាក់ទងជាមួយកូនប្រុសស្រីតាមរយៈទម្លាប់ និងសកម្មភាពប្រចាំថ្ងៃដើម្បីជួយពួកគេឲ្យអាចឡើងថ្នាក់ពីមត្តេយ្យទៅកាន់បឋមសិក្សាដោយរលូន។

UNICEF Cambodia/2020
UNICEF Cambodia/2020