កម្មវិធីសំឡេងយុវជនកម្ពុជា ឆ្នាំ២០១៩ ចាប់បើកហើយ

សូមដាក់ពាក្យឥលូវនេះ!

យូនីសេហ្វកម្ពុជា
VOY cover
UNICEF Cambodia/2019

14 សីហា 2019

ប្លក់សំឡេងយុវជន គឺជាសហគមន៍ដ៏រស់រវើកមួយរបស់យុវជនដែលត្រូវបានបង្កើតឡើងដោយយូនីសេហ្វ ដោយផ្តល់មាតិកាបំផុសគំនិត ចំណេះដឹង ​ និងមតិយោបល់ដើមនៅទូទាំងសកលលោក។ ប្រមាណ ៦០% នៃចំនួនប្រជាជនកម្ពុជាសរុប គឺជាយុវជនដែលមានអាយុក្រោម ២៥ឆ្នាំ។​​ យុវជនទាំងនេះផ្តល់សក្តានុពល រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងសមិទ្ធផលរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។​ យុវជនកម្ពុជាត្រូវបានផ្តល់​ឱកាស និងវេទិកាក្នុងការតស៊ូមតិសម្រាប់សិទ្ធិរបស់ពួកគេ និងដាក់សំពាធដល់អ្នកតាក់តែងគោលនយោបាយ ដែលរួមបញ្ចូលជាការងាររបស់យូនីសេហ្វកម្ពុជា។​ កម្មវិធីប្លក់សំឡេងយុវជនកម្ពុជាឆ្នាំ២០១៩ នឹងមានវគ្គបណ្តុះបណ្តាលវេទិកាច្នៃប្រឌិត និងជំនាញក្នុងការតស៊ូមតិសម្រាប់សិទ្ធិកុមារក្នុងប្រទេសកម្ពុជាដល់បេក្ខជនជ័យលាភី​ ក្នុងនោះមានការថតរូប ការសរសេរប្លក់ ការប្រើប្រាស់បណ្តាញសង្គម​ និងការថតភាពយន្ត។ យើងនឹងផ្តល់ឲ្យនូវឱកាសក្នុងការជួបជាមួយបុគ្គលិកកម្មវិធី ​​និងផ្តល់ចំណេះដឹងពីកម្មវិធីអភិវឌ្ឍរបស់យូនីសេហ្វកម្ពុជា ដូចជា​ សុខភាព និងអាហារូបត្ថម្ភ ការអប់រំ អនាម័យទឹកស្អាត កិច្ចការពារកុមារ គោលនយោបាយ និង​ហិរញ្ញប្បទានសាធារណៈដើម្បីកុមារ។

តាមរយៈមេរៀននៃវគ្គបណ្តុះបណ្តាល ពីការរៀបរាប់ដំណើររឿងដែលមានការច្នៃ ប្រឌិត និងសិទ្ធិកុមារជារៀងរាល់សប្តាហ៍​ យុវជនជ័យលាភីនឹងត្រូវសរសេរប្លក់ បង្កើតសារក្នុងបណ្តាញសង្គម ឬការថតភាពយន្ត​ ដែលនឹងទាក់ទាញទស្សនិកជនទូទាំងសកលលោក តាមរយៈការចុះផ្សាយអត្ថបទនៅក្នុង​គេហទំព័រ UNICEF Cambodia’s Voices of Youth website។​ អត្ថបទខ្លះនឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់យូនីសេហ្វសកល។​ អ្នកនឹងមានការជួយជ្រោមជ្រែងលើផ្នែកគំនិត​​ ការបង្កើតមាតិកា ការសរសេរនិងការកែសម្រួលអត្ថបទ។

ឆ្នាំនេះគឺជាខួបទី៣០ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ហើយបេក្ខជនជ័យលាភីនឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីអបអរសាទរជាមួយយូនីសេហ្វកម្ពុជា។ អ្នកនឹងមានឱកាសតំណាងឲ្យយុវជនទូទាំងប្រទេស ក្នុងការពិភាក្សាលើសិទ្ធិកុមារជាមួយនឹងអ្នកតាក់តែងគោលនយោបាយសំខាន់ៗ។

អត្ថប្រយោជន៍

បេក្ខជនចូលរួមក្នុងកម្មវិធីសំឡេងយុវជនឆ្នាំ២០១៩​ នឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ជំនាញ ចំណេះដឹងដើម្បីទទួលបានការងារ និងឱកាសកសាងទំនាក់ទំនងជាមួយអ្នកជំនាញដែលមានភាពជោគជ័យនៅក្នុងវិស័យទាំងនេះ។ សិក្ខាកាមនឹងបញ្ចប់ការសិក្សាពីកម្មវិធីជាមួយនឹងជំនាញ និងធនធានដែលអាចតស៊ូមតិសម្រាប់ការផ្លាស់ប្តួរក្នុងសង្គមសម្រាប់យុវជនកម្ពុជា។

  • ទទួលបាន និងអភិវឌ្ឍជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្នុងការរៀបរាប់ដំណើររឿង និងការតស៊ូមតិតាមរយៈសំណេរប្លក់​​ ការថតរូប បណ្តាញសង្គម និងការផលិតខ្សែភាពយន្ត ជាមួយនឹងឱកាសក្នុងការផ្តោតសំខាន់ទៅលើផ្នែកដែលសិក្ខាកាមចាប់អារម្មណ៍​ (ឧទាហរណ៍ ការថតរូប)។
  • ទទួលបានឱកាសក្នុងការស្វែងយល់បន្ថែមពីផ្នែកផ្សេងៗនៃការអភិវឌ្ឍន៍ និងកម្មវិធីរបស់យូនីសេហ្វ (ដូចជា​ ផ្នែកសុខភាព និងអាហារូបត្ថម្ភ ការអប់រំ អនាម័យទឹកស្អាត​ កិច្ចការពារកុមារ គោលនយោបាយ និង​ហិរញ្ញប្បទានសាធារណដើម្បីកុមារ) ដើម្បីតម្រូវតាមចំណាប់អារម្មណ៍របស់សិក្ខាកាម។
  • បង្កើតបណ្តាញជាមួយយុវជនកម្ពុជាដទៃទៀត។
  • ជួប និងបង្កើតទំនាក់ទំនងការណែនាំជាមួយ​បុគ្គលិកយូនីសេហ្វ រួមមានអ្នកសម្របសម្រួល និងក្រុមបុគ្គលិកផ្នែកទំនាក់ទំនងរបស់យូនីសេហ្វ។
  • ទទួលបានជំនាញទន់សម្រាប់ការស្វែងរកការងារទៅថ្ងៃអនាគត ដូចជា ការស្រាវជ្រាវ ការធ្វើការជាក្រុម ទំនាក់ទំនង ការរៀបចំគម្រោង និង​ការធ្វើបទបង្ហាញ។
  • មានឱកាសក្នុងការពិភាក្សាពីប្រធានបទស្តីពីសិទ្ធិកុមារជាមួយអ្នកតាក់តែងគោលនយោបាយសំខាន់ៗនិងទំនោរនៃការផ្លាស់ប្តូរ។
  • មានឱកាសក្នុងការចូលរួមជាមួយ CRC30​ និងក្លាយជាអគ្គរាជទូតវ័យក្មេងការពារសិទ្ធិកុមាររបស់យូនីសេហ្វប្រចាំនៅកម្ពុជា។

លក្ខន្តិកៈ 

ដើម្បីអាចដាក់ពាក្យបាន អ្នកត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

  • ជាយុវជនកម្ពុជា មានអាយុចាប់ពី ១៤ ដល់ ២៤ឆ្នាំ។
  • អាចចូលរួមវគ្គបណ្តុះបណ្តាលផ្ទាល់នៅការិយាល័យយូនីសេហ្វ នាទីក្រុងភ្នំពេញ ចំនួន ២ម៉ោង​ ក្នុង ១​សប្តាហ៍​ ក្នុងរយៈពេល ១២សប្តាហ៍ (កាលបរិច្ឆេទនឹងផ្តល់ជូនពេលក្រោយ)។
  • ជាអ្នកដែលចេះប្រើប្រាស់ និងមានទំនាក់ទំនងក្នុងសហគមន៍ឌីជីថលក្នុងប្រទេសកម្ពុជា ក្នុងទម្រង់ណាមួយ ឬក៏ចាប់អារម្មណ៍ក្នុងការចាប់ផ្តើមប្រើប្រាស់។
  • ចាប់អារម្មណ៍ និងអាចបង្កើតប្លក់ សារក្នុងបណ្តាញសង្គម អត្ថបទរូបថត ឬភាពយន្តខ្នាតខ្លី ជារៀងរាល់សប្តាហ៍ ក្នុងរយៈពេល ១២សប្តាហ៍។
  • មានការប្តេជ្ញា និងឈឺឆ្អាលពីបញ្ហាសង្គម និងសិទិ្ធកុមារក្នុងប្រទេសកម្ពុជា។
  • ផ្តល់អាទិភាពដល់កម្មវិធី ចាប់ពីចុងខែកញ្ញា ឆ្នាំ២០១៩ (កាលបរិច្ឆេទនឹងផ្តល់ជូនពេលក្រោយ)។
  • អាចភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែតបាន (តាមរយៈទូរស័ព្ទដៃ ឬកំព្យូទ័រ) ដើម្បីធ្វើការស្រាវជ្រាវ សរសេរប្លក់ ប្រើប្រាស់បណ្តាញសង្គម និងចូលរួមក្នុងការជជែកវែកញែកផ្សេងៗ។

ភាសា

មេរៀនក្នុងវគ្គបណ្តុះបណ្តាលនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស និងជាភាសាខ្មែរខ្លះៗ ដោយរួមមាន ការបកប្រែជាភាសាខ្មែរតាមតែអាចធ្វើបាន។ សិក្ខាកាម គួរមានចំណេះដឹងផ្នែកភាសាអង់គ្លេសខ្លះៗ ប៉ុន្តែវាមិនមែនជាបញ្ហាដែលរារាំងសិក្ខាកាមដែលមានឆន្ទៈ និងទេពកោសល្យនោះទេ។ យើងនឹងខិតខំ ប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់យល់ច្បាស់ពីមាតិកា និងកិច្ចការដែលពួកគេត្រូវ ធ្វើ។ ប្លក់ អត្ថបទរូបភាព និងសារក្នុងបណ្តាញសង្គមនឹងត្រូវបានសរសេរ និងផ្សព្វផ្សាយជាភាសាខ្មែរ ឬអង់គ្លេស។

របៀបដាក់ពាក្យ

តើអ្នកមានគ្រប់លក្ខណៈសម្បត្តិហើយមែនឬទេ? សូមដាក់ពាក្យឥលូវនេះ!

សូមទាញយក និងបំពេញពាក្យសុំចូលកម្មវិធី នៅទីនេះ ។ សំណួរចុងក្រោយបានចោទសួរអ្នកឲ្យបង្កើតយុទ្ធនាការបណ្តាញសង្គម អត្ថបទរូបថត ប្លក់ ឬភាយន្តខ្នាតខ្លី។ សូមផ្ញើរកិច្ចការណាមួយដែលអ្នកនឹងធ្វើ រួមជាមួយពាក្យសុំចូលកម្មវិធី មកកាន់ ldarby@unicef.org និង​ cseng@unicef.org ដោយដាក់ប្រធានបទថា៖ កម្មវិធីសំឡេងយុវជនកម្ពុជា ឆ្នាំ ២០១៩។

យើងពិតជាលើកទឹកចិត្តដល់បេក្ខនារី និងជនពិការក្នុងការដាក់ពាក្យ។ យើងក៏ស្វាគមន៍ដល់ បេក្ខជនទាំងឡាយ ដែលរស់នៅក្រៅទីក្រុងភ្នំពេញ ហើយអាចធ្វើដំណើរមកកាន់ការិយាល័យ យូនីសេហ្វ ជារៀងរាល់សប្តាហ៍បាន ឬក៏អាចរៀនបានតាមរយៈបណ្តាញអ៊ីធឺណែត។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ 

ប្រសិនបើអ្នកមានសំណួរ សូមទាក់ទងមកកាន់យើង តាមរយៈអ៊ីម៉ែល cseng@unicef.orgldarby@unicef.org

ច្រើនទៀតដើម្បីស្វែងយល់