កម្មវិធីយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា

សម្រាបឆ្នាំ ២០១៩ ដល់ ២០២៣

កម្មវិធីយូនីសេហ្វ សម្រាបឆ្នាំ ២០១៩ ដល់ ២០២៣
UNICEF Cambodia/2019/Chansreypich Seng

ចំណុចសំខាន់

ជាមួយនឹងប្រជាជនមួយភាគបី មានអាយុក្រោម ១៥ឆ្នាំ ប្រទេសកម្ពុជា គឺជាប្រទេស ដែលមានប្រជាជនវ័យក្មេងជាងគេមួយនៅអាស៊ីអាគ្នេយ៍។  ប្រជាជនវ័យក្មេងពោរពេញ ដោយភាពស្វាហាប់ និងងាយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនេះកំពុងត្រៀមចូលមកក្នុងកម្លាំងពលកម្ម និងមានសក្តានុពល អាចរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងជាប់ ចំណាត់ថ្នាក់ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សជាងគេទី៦ក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចបានកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រទេសនេះគួរឱ្យកត់សម្គាល់ ពី ៥៣,២ភាគរយ ក្នុងឆ្នាំ២០០៤ មក ១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤។ ជារួម ប្រទេសកម្ពុជាបានសម្រេចនូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយដ៏ខ្លី។ ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤ អត្រាមរណភាពទារក និងកុមារអាយុក្រោមប្រាំឆ្នាំ បានថយចុះជាង ៧០ ភាគរយ ខណៈដែលអត្រាមរណភាពមាតាថយចុះយ៉ាងគំហុកពី  ៤៧២ករណី មកនៅ ១៧០ករណីស្លាប់ នៅរៀងរាល់ ១០០.០០០កំណើតរស់។ ភាពល្អ ប្រសើរនៃសេវាថែទាំផ្ទៃពោះ និងសេវាថែទាំក្រោយសម្រាល ការពង្រីកការគ្របដណ្តប់នៃសេវាផ្តល់ថ្នាំបង្ការ និងការសម្រាលកូនដោយឆ្មបជំនាញ គឺជាកត្តាមួយចំនួនដែលនាំឱ្យមានភាពល្អប្រសើរទាំងនេះ។

ចាប់តាំងពីឆ្នាំ២០០៧ មក ចំនួនកុមារចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំកុមារតូច បាន កើនឡើងជាងទ្វេដង ខណៈដែលចំនួនកុមារចុះឈ្មោះចូលរៀនក្នុងកម្រិតបឋមសិក្សា ក៏មានការកើនឡើងផងដែរ ពី ៨២ភាគរយ ក្នុងឆ្នាំ១៩៩៧ មកដល់ជាង ៩៧ភាគរយ ក្នុងឆ្នាំសិក្សា២០១៧/១៨។ គម្លាតយេនឌ័រនៃការចូលរៀននៅសាលាបឋមសិក្សា និង មធ្យមសិក្សា ក៏ត្រូវបានលុបបំបាត់ភាគច្រើនផងដែរ។

ចំនួនមណ្ឌលថែទាំកុមារនៅកម្ពុជា បានថយចុះ ៣៥ភាគរយ ពី ៤០៦មណ្ឌល ក្នុងឆ្នាំ ២០១៥ មកនៅ ២៦៥មណ្ឌល ក្នុងឆ្នាំ២០១៨។ បើតាមទិន្នន័យក្នុងឆ្នាំ២០១៨ មាន កុមារចំនួន ៧.៦៣៤នាក់ កំពុងរស់នៅតាមមណ្ឌលថែទាំកុមារ ដោយចំនួននេះបានថយ ចុះប្រមាណ ៥៤ភាគរយ គិតចាប់ពីឆ្នាំ២០១៥ មក។ កុមារត្រូវបានធ្វើសមាហរណកម្ម ចេញពីមណ្ឌលថែទាំកុមារ មានការគ្រប់គ្រងមណ្ឌលថែទាំកុមារកាន់តែល្អប្រសើរជាងមុន ដោយប្រើប្រាស់យន្តការអធិការកិច្ចតាមប្រព័ន្ធឌីជីថល និងពុំមានការបើកមណ្ឌលថ្មីឡើយចាប់តាំងពីឆ្នាំ២០១៦ ដែលនេះជាសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងប្រទេសមួយដែល កាលពីពីរបីឆ្នាំមុននេះ ចំនួនមណ្ឌលថែទាំកុមារបានកើនឡើងក្នុងកម្រិតដែលមិនអាច គ្រប់គ្រងបាន។

ខណៈដែលមានការសម្រេចបាននូវវឌ្ឍនភាពជាក់លាក់ វឌ្ឍនភាពទាំងនេះពុំត្រូវបាន បែងចែកឱ្យស្មើភាពគ្នានោះឡើយ ដោយមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងតំបន់ ជនបទ និងតំបន់ប្រជុំជន រវាងកុមារដែលមានពិការភាព និងកុមារដែលពុំមានពិការភាព និងរវាងគ្រួសារដែលមានជីវិតភាពធូរធារ និងគ្រួសារដែលមានជីវភាពក្រីក្រ។ បញ្ហាប្រឈម នៅតែបន្តកើតមានចំពោះកុមារ និងស្រ្តីជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា ហើយពួកគេ  អាចជួបការលំបាកខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។  ខណៈដែលក្នុងឆ្នាំ២០០៩ ប្រទេសកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ដោយបានកាត់បន្ថយភាពក្រីក្រឱ្យនៅពាក់កណ្តាល បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ ៤,៥ លាននាក់កំពុងរស់នៅកៀកនឹងភាពក្រីក្រ ហើយពួកគេមួយភាគធំ រស់នៅតាមតំបន់ ជនបទដែលងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញនៅពេលដែលពួកគេប្រឈមនឹងវិបត្តិ សង្គមសេដ្ឋកិច្ច និងគ្រោះមហន្តរាយធម្មជាតិកើតឡើង។ ភាពក្រីក្រ គឺជាបាតុភូតចម្រុះ ដែលប៉ះពាល់លើផ្នែកជាច្រើននៃជីវិត ដូចជាសុខភាព អប់រំ និងការចូលរួមជាដើម។ ក្នុង ប្រទេសកម្ពុជា ភាពក្រីក្រពហុសមាសភាគ មានការថយចុះ ប៉ុន្តែមិនថយចុះលឿនដូច ភាពក្រីក្រគិតតាមប្រាក់ចំណូលនោះឡើយ។ កុមារកម្ពុជាជិតពាក់កណ្តាលនៅបន្តរស់នៅក្នុងភាពក្រីក្រពហុសមាសភាគនេះ។

ទោះបីជាមានកំណើនជារួមយ៉ាងណាក៏ដោយ ការវិភាជថវិកាសម្រាប់សេវាសង្គមនៅមិន ទាន់មានចំនួនគ្រប់គ្រាន់នៅឡើយ ដែលធ្វើឱ្យកម្មវិធីសំខាន់ៗជាច្រើន ពុំបានទទួលថវិកា គាំទ្រគ្រប់គ្រាន់។ ខណៈដែលតំបន់ភាគច្រើនក្នុងប្រទេសកម្ពុជាគឺជាតំបន់ជនបទ  ការពង្រីក និងការអភិវឌ្ឍទីក្រុងក៏កំពុងកើតមានឡើងយ៉ាងឆាប់រហ័សផងដែរ។ បើតាម ព្យាករណ៍នៅត្រឹមឆ្នាំ២០៣០ ប្រជាជនមួយភាគបីនៃប្រទេសនឹងរស់នៅក្នុងតំបន់ ប្រជុំជន។ ការខកខានពុំបានបង្កើតហេដ្ឋារចនាសម្ព័ន្ធសេវាសង្គមនៅតាមតំបន់ប្រជុំជន ឱ្យស្របទៅនឹងកំណើនចំនួនប្រជាជនក្នុងតំបន់ប្រជុំជននឹងនាំឱ្យមានការកើតឡើងនូវ សមាសភាគថ្មីៗនៃភាពក្រីក្រជាមិនខាន។

ការធ្វើចំណាកស្រុកកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះមានប្រជា ពលរដ្ឋប្រមាណ ៤,២ លាននាក់ ធ្វើចំណាកស្រុកក្នុងប្រទេស ដែលក្នុងនោះ ៨,៣ ភាគរយ ជាក្មេងជំទង់អាយុចន្លោះពី ១០ ទៅ ១៩ឆ្នាំ។ អ្វីដែលជាការព្រួយបារម្ភខ្លាំង ឡើងៗនោះ គឺចំនួនកុមារដែលត្រូវបានទុកចោលឱ្យជីដូនជីតាថែទាំ ដែលប្រហែលជាមិនអាចផ្តល់ការថែទាំឱ្យបានគ្រប់គ្រាន់ដល់កុមារទាំងនោះឡើយ។

ក្នុងប្រទេសកម្ពុជា ក្នុងចំណោមកុមារីកុមារាអាយុក្រោម១៨ឆ្នាំពីរនាក់ មានម្នាក់បាន ទទួលរងអំពើហិង្សាផ្លូវកាយ។ ម្នាក់ក្នុងចំណោមបួននាក់ បានទទួលរងអំពើហិង្សាផ្លូវចិត្ត និងមានកុមារជាច្រើននាក់ត្រូវបានគេជួញដូរ បង្ខំឱ្យធ្វើការងារ រស់នៅបែកពីក្រុមគ្រួសារ និង ត្រូវបានគេយកទៅដាក់ឱ្យរស់នៅក្នុងមណ្ឌលថែទាំកុមារទាំងមិនចាំបាច់។ របាយការណ៍ អធិការកិច្ចឆ្នាំ២០១៨ បានរកឃើញថា ក្នុងចំណោមកុមារដែលរស់នៅតាមមណ្ឌលថែទាំកុមារ មាន ៦៨ភាគរយ នៅមានឪពុក ឬម្តាយនៅរស់។

កម្មវិធីយូនីសេហ្វ សម្រាបឆ្នាំ ២០១៩ ដល់ ២០២៣
អ្នកនិពន្ធ
UnICEF Cambodia, Independent consultant
កាលបរិច្ឆេទផ្សព្វផ្សាយ
ភាសា
ភាសាអង់គ្លេស, ភាសាខ្មែរ

ទាញយករបាយការណ៍

(PDF, 1,28 MB) (PDF, 25,88 MB)