28 មីនា 2023

របាយការណ៍វិភាគស្ថានភាពកុមារ និងក្មេងជំទង់នៅប្រទេសកម្ពុជាឆ្នាំ២០២៣

នៅក្នុងឆ្នាំ២០២២ យូនីសេហ្វ បានរៀបចំធ្វើការវិភាគឯករាជ្យមួយទៅលើស្ថានភាពកុមារកម្ពុជា និងសិទ្ធិរបស់ពួកគេ។ គោលដៅនៃការវិភាគនេះ គឺដើម្បីគាំទ្រដល់ការសម្រេចបានដោយពេញលេញនូវសិទ្ធិកុមារ ក៏ដូចជាកំណត់បញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។ ការប្តេជ្ញាចិត្តគោរពសិទ្ធិមនុស្សមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយព្រះរាជាណាចក្រកម្ពុជាក៏ជាហត្ថលេខីនៃសន្ធិសញ្ញាសិទ្ធិមនុស្សស្នូលសំខាន់ៗទាំងប្រាំបួន។ ការវិភាគនេះប្រើប្រាស់អភិក្រមផ្អែកលើសិទ្ធិមនុស្ស ដែលបានបញ្ជាក់នៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ និងផ្អែកលើគោលការណ៍សិទ្ធិមនុស្សសំខាន់ៗ។ ការវិភាគនេះពិនិត្យមើលទិន្នន័យរបស់រាជរដ្ឋាភិបាល ប្រភពព័ត៌មានបន្ទាប់បន្សំ ​សម្ភាសន៍ពាក់កណ្តាលរចនាសម្ព័ន្ធ ការពិគ្រោះយោបល់ជាមួយកុមារវ័យជំទង់ចំនួន ១.៤១៤ នាក់ និងការពិភាក្សាជាក្រុម។ ប្រទេសកម្ពុជាជាសង្គមដែលមានមនុស្សវ័យក្មេងយ៉ាងច្រើន។ នៅក្នុងឆ្នាំ២០១៩ កុមារមានចំនួន ៣៤,៨ ភាគរយនៃប្រជាជនសរុប ហើយភាគរយនេះកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ ស្ថានភាពរបស់កុមារមានភាពប្រសើរឡើង ដោយសារប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងច្រើនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ហើយក៏សម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ។ ជាអកុសល ជំងឺរាតត្បាតជាសកល និងបញ្ហាតម្លៃប្រេងឥន្ធនៈ បានបង្កឲ្យមានភាពយឺតយ៉ាវដល់កំណើននេះ ហើយភាពក្រីក្រក៏កើតមានជាទូទៅ ជាពិសេសនៅក្នុងទីផ្សារការងារក្រៅប្រព័ន្ធ ដោយ ៨១ ភាគរយនៃការងារទាំងអស់ ត្រូវបានចាត់ទុកថាងាយរងគ្រោះ ។ មនុស្សវ័យក្មេង ទំនងជាគ្មានការងារធ្វើ ដល់ទៅបីដងបើធៀបនឹងមនុស្សពេញវ័យ។ គ្រួសារភាគច្រើននៅតែប្រឈមនឹងភាពក្រីក្រ ហើយផ្អែកលើការអង្កេតសង្គមសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៩/២០ ប្រជាជនកម្ពុជាប្រហែល ១៧,៨ភាគរយ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ កុមារគឺជាក្រុមដែលងាយប្រឈមមុខនឹងហានិភ័យ ហើយនៅពេលភាពក្រីក្រត្រូវបានវាស់វែងដោយប្រើវិធីសាស្ត្រវិភាគភាពខ្វះខាតពហុត្រួតគ្នាគ្រប់ជ្រុងជ្រោយ (MODA)ស្ទើរតែពាក់កណ្តាល (៤៨,៧ ភាគរយ) នៃចំនួនប្រជាជនកម្ពុជាដែលមានអាយុពី ០-១៧ឆ្នាំ ស្ថិតក្នុងនិយមន័យនៃភាពក្រីក្រពហុវិមាត្រ។