ដំបូន្មានសម្រាប់ឪពុកម្តាយនៅក្នុងរដូវក្តៅខ្លាំង
បម្រែបម្រួលអាកាសធាតុ រលកកម្តៅ និងសុខភាពរបស់កុមារ

- English
- Khmer
បម្រែបម្រួលអាកាសធាតុ និងកុមារ
សកម្មភាពរបស់មនុស្ស និងការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស បានបន្សល់ទុករួចទៅហើយនូវដានដែលគេអាចមើលឃើញនៅក្នុងអាកាសធាតុនៃភពផែនដីរបស់យើង ។ សីតុណ្ហភាពជាមធ្យមបានកើនឡើងប្រហែល ១,១ អង្សាសេ ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ ហើយកម្តៅបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលបួនទស្សវត្សរ៍ចុងក្រោយ គឺក្តៅជាងទសវត្សរ៍មុនៗ ចាប់តាំងពីឆ្នាំ ១៨៥០ មក ។ ទោះបីជាធ្លាប់បានកើតឡើងកន្លងមកក៏ដោយ ដោយសារតែមានការរំខាននៅទូទាំងសកលលោកទៅលើអាកាសធាតុ និងបរិស្ថាន គេសង្កេតឃើញថា រលកកម្តៅ (ពោលគឺជារយៈពេលដែលសីតុណ្ហភាពឡើងខ្ពស់ខ្លាំងបំផុត) អូសបន្លាយពេលកាន់តែយូរ កាន់តែញឹកញាប់ និងកាន់តែខ្លាំងក្លាថែមទៀត ។
ទោះបីជាពួកគេគឺជាអ្នករួមចំណែកតិចតួចបំផុតចំពោះការរំខានទៅលើបរិស្ថានក្នុងភពផែនដីក្តី កុមារទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរបំផុតពីបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់នៃបញ្ហានេះផងដែរ ។ កុមារងាយទទួលរងផលវិបាកនៃបម្រែបម្រួលអាកាសធាតុខ្លាំងបំផុត - គ្រោះរាំងស្ងួត ទឹកជំនន់ អគ្គិភ័យ និងគ្រោះអាសន្នធាតុអាកាសធ្ងន់ធ្ងរផ្សេងៗទៀត ។ សព្វថ្ងៃនេះ កុមារប្រមាណមួយពាន់លាននាក់ នៅជុំវិញពិភពលោក កំពុងតែទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃបម្រែបម្រួលអាកាសធាតុ ។ គេប្រមើលមើលថា ស្ថានភាពនេះនឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ខណៈដែលសីតុណ្ហភាពជាមធ្យមក្នុងសកលនឹងកើនឡើង ហើយលំនាំធាតុអាកាសកាន់តែងាយប្រែប្រួលខ្លាំងឡើងៗ ។
គេរំពឹងថា កុមារគឺជាក្រុមដែលនឹងទទួលរងផលប៉ះពាល់ពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុខ្លាំងជាងគេ ។ រាងកាយរបស់ពួកគេកំពុងតែលូតលាស់ និងអភិវឌ្ឍ ដែលជាហេតុធ្វើឲ្យពួកគេងាយនឹងកើតជំងឺ រួមទាំងជំងឺដែលកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុផងដែរ ។ ហានិភ័យនៃស្ត្រេសដោយសារកម្តៅ និងការវាយប្រហារដោយកម្តៅ (heat stress and heatstroke) ទំនងជាកើនឡើងកាន់តែច្រើនក្នុងចំណោមកុមារ ដោយសារសីតុណ្ហភាពមានការកើនឡើង ។ ស្ត្រេសដោយសារកម្តៅ អាចធ្វើឱ្យស្ថានភាពសុខភាពបច្ចុប្បន្នរបស់កុមារកាន់តែធ្ងន់ធ្ងរផងដែរ ។
រលកកម្តៅ និងសុខភាពរបស់កុមារ

ជាងមួយភាគបីនៃកុមារទាំងអស់ក្នុងពិភពលោកសព្វថ្ងៃនេះ (៨២០ លាននាក់) កំពុងតែប៉ះពាល់ដោយផ្ទាល់ទៅនឹងរលកកំដៅ ។ គេប្រមើលមើលថា ស្ថានភាពនេះនឹងមានលក្ខណៈកាន់តែយ៉ាប់យ៉ឺនថែមទៀត ខណៈដែលសីតុណ្ហភាពជាមធ្យមក្នុងសកលលោកនឹងកើនឡើង ហើយខណៈដែលលំនាំធាតុអាកាសប្រែប្រួលកាន់តែខ្លាំងឡើង ។
រដូវក្តៅគឺជារយៈពេលនៃការគំរាមកំហែងដ៏ធំបំផុតចំពោះសុខភាពរបស់កុមារ ដោយសារតែសីតុណ្ហភាពនៅខាងក្រៅក្តៅខ្លាំង ។ កុមារកំពុងតែឆ្លងកាត់ដំណើរការនៃការលូតលាស់ និងការអភិវឌ្ឍ ហើយដោយសារតែសរីរវិទ្យារបស់ពួកគេ រាងកាយរបស់ពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពបានរហ័សដូចរាងកាយរបស់មនុស្សធំនោះឡើយ ។ ជាពិសេសទារកទើបនឹងកើត និងទារក (កុមារអាយុចាប់ពីមួយខែដល់មួយឆ្នាំ) ប្រឈមនឹងហានិភ័យខ្ពស់បំផុតនៃការធ្លាក់ខ្លួនឈឺ និងអាចនឹងស្លាប់ផងដែរ ដោយសារកម្តៅខ្លាំងហួសហេតុពេក ។
សុខភាពរបស់កុមារ គឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ពីព្រោះ ៖
- កុមារមិនចេះស្តាប់ខ្លួនឯងនោះទេ
- កុមារតូចៗ មិនអាចប្រាប់ពីអារម្មណ៍របស់ពួកគេបានទេ
- ជារឿយៗ កុមារមិនដឹងថា ពួកគេគួរស្ថិតឱ្យឆ្ងាយពីកម្តៅនោះទេ
- ការវាយប្រហារដោយកម្តៅ អាចកើតឡើងភ្លាមៗ និងដោយគ្មានការប្រកាសជាមុន
- ការវាយប្រហារដោយកម្តៅ អាចធ្វើឲ្យកុមារស្លាប់បាន
- ជារឿយៗ ការវាយប្រហារដោយកម្តៅចំពោះកុមារ អាចបង្ការបាន
ដំបូន្មានសម្រាប់ឪពុកម្តាយនៅក្នុងរដូវកាលក្តៅខ្លាំង
មគ្គទេសក៏នេះ ត្រូវបានរៀបចំឡើងដោយអង្គការយូសនីសេហ្វ និងវិទ្យាស្ថានសុខភាពសាធារណៈស៊ើបប៊ី "បណ្ឌិត Milan Jovanovic Batut" ដោយមានការគាំទ្រពីក្រសួងសុខាភិបាលស៊ើបប៊ី
ការវាយប្រហារដោយកម្តៅលើកុមារ
ការវាយប្រហារដោយកម្តៅកើតឡើងដោយសារតែការស្ថិតនៅខាងក្រៅរយៈពេលយូរ ក្នុងអំឡុងពេលមានសីតុណ្ហភាពខ្ពស់ និងជាផលវិបាកនៃការប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ ក៏ដូចជាផលវិបាកនៃការស្ថិតនៅក្នុងទីកន្លែងបិទជិត ដោយសារសំណើម និងខ្យល់ក្តៅខ្លាំងហួសហេតុ ពោលគឺនៅក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ រថយន្ត ឬផ្ទះល្វែងដែលមានកម្តៅខ្លាំងហួសហេតុ ។
ទោះបីជាឪពុកឬម្តាយ អាចមានអារម្មណ៍សុខស្រួលនៅសីតុណ្ហភាពជាក់លាក់ណាមួយក្តី ប៉ុន្តែនេះមិនមានន័យថា កុមារមានអារម្មណ៍ដូចគ្នានោះទេ ដោយសារខ្លួនគាត់មិនទាន់មានសមត្ថភាពកែតម្រូវទៅតាមកម្ដៅនៅឡើយ ។

តើត្រូវការពារកុមារដោយរបៀបណា?
- គេគួរតែយកទារកទើបនឹងកើត ទារក (ក្រោមមួយឆ្នាំ) និងកុមារតូច (បីបួនឆ្នាំ) ចេញក្រៅនៅពេលព្រឹកព្រលឹម និងនៅពេលល្ងាច ។ គេមិនគួរយកក្មេងតូចចេញក្រៅក្នុងអំឡុងពេលក្តៅបំផុតនៃថ្ងៃ ពីម៉ោង ១០ ព្រឹក ដល់ ៥ ល្ងាចនោះឡើយ ។
- គេគួរស្លៀកពាក់ឱ្យកុមារនូវខោអាវរលុង ដែលធ្វើពីវត្ថុធាតុដើមធម្មជាតិ (កប្បាស ក្រណាត់) ដោយគ្របក្បាលរបស់គាត់ដោយមួក ឬមួកកប្បាស ។
- ជានិច្ចជាកាល ត្រូវយកទឹកមួយដបតាមខ្លួនអ្នក សម្រាប់ទុកឲ្យកុមារញ៉ាំឲ្យបានញឹកញាប់ យ៉ាងហោចណាស់ មួយដងឬពីរដង (ជាជាងឲ្យទឹកញ៉ាំ អ្នកអាចឲ្យជាទឹកក្រូចឆ្មារស្រាលផងដែរ) ។
- កុំទុកកុមារចោលក្នុងរថយន្តរបស់អ្នក ឬយានជំនិះប្រភេទផ្សេងទៀតក្រោមកម្តៅព្រះអាទិត្យ – សូម្បីតែពីរបីនាទីក៏ដោយ!

រោគសញ្ញានៃការវាយប្រហារដោយកម្តៅលើកុមារ
ការវាយប្រហារដោយកម្តៅ អាចត្រូវបានប្រកាសឲ្យដឹងដោយមានរោគសញ្ញាជាក់លាក់មួយចំនួន ដែលស្រដៀងទៅនឹងការឆ្លងវីរុសដែរ ។ មុនពេលរោគសញ្ញាការវាយប្រហារដោយកម្តៅលេចចេញឡើង ជារឿយៗ កុមារតែងមានចេញសញ្ញាស្រាលៗនៃការអស់កម្លាំងដោយសារកម្តៅ ដូចជាឈឺក្បាល ចង្អោរ វិលមុខ និងហ៊ឹងត្រចៀក ។ រោគសញ្ញាចម្បងនៃការវាយប្រហារដោយកម្តៅ គឺការកើនឡើងនូវសីតុណ្ហភាពរាងកាយដោយសារតែការឡើងកម្តៅរហ័ស និងខ្លាំងហួសហេតុនៅក្នុងរាងកាយ ដែលក្នុងរយៈពេលត្រឹមតែកន្លះម៉ោង សីតុណ្ហភាពអាចឡើងដល់លើសពី ៤០ អង្សាសេ ។ ការវាយប្រហារដោយកម្តៅ អាចបណ្តាលឲ្យស្លាប់ផងដែរ ។
កុមារអាយុរហូតដល់ប្រាំឆ្នាំ ៖
- ថប់បារម្ភខ្លាំងក្លា និងស្រែកយំខ្លាំង អមដោយការអស់កម្លាំង និងសន្លឹម
- គ្មានបែកញើស ទោះបីជាមានកម្តៅខ្លាំងក៏ដោយ
- មិនព្រមញ៉ាំសារធាតុរាវ
- មានការប្រកាច់ - ចុកពោះ និងរមួលសាច់ដុំ
- ក្អួត
- ហត់ខ្លាំង
- ចង្វាក់បេះដូងកើនឡើង
- សីតុណ្ហភាពរាងកាយឡើងខ្ពស់ខ្លាំង
- បាត់បង់ស្មារតី
- រួញផ្នែកទន់នៃក្បាលទារកទើបនឹងកើត/ទារកអាយុក្រោមមួយឆ្នាំ
- ស្បែកដៃ និងជើងស្ទាបទៅក្តៅ និងមុខឡើងក្រហម
- បន្ទាប់ពីយកទារកទើបនឹងកើត/ទារកអាយុក្រោមមួយឆ្នាំ ទៅដាក់ក្នុងម្លប់ ដៃ និងជើងរបស់គាត់ទៅជាត្រជាក់ភ្លាមៗ និងញ័រ ។
កុមារអាយុលើសពីប្រាំឆ្នាំ ៖
- ស្បែកស្ងួត និងក្តៅ
- មិនបែកញើស
- ឈឺក្បាលខ្លាំង
- និយាយពិបាកស្តាប់
- ហត់ខ្លាំង
- ចង្វាក់បេះដូងកើនឡើង
- វិលមុខ
- បាត់បង់ស្មារតី
- រាករូស
- ឈឺចុកចាប់ពេញរាងកាយ
- សីតុណ្ហភាពរាងកាយឡើងខ្ពស់ (៤០ អង្សាសេ និងលើសពីនេះ)
- ហ៊ឹងក្នុងត្រចៀក
- រវើរវាយ (កុមារហាក់ដូចជាវង្វេង) ។
- ការនិយាយពិបាកស្តាប់យល់
- កន្ទួលលើស្បែក

តើត្រូវធ្វើដូចម្តេច នៅពេលមានការវាយប្រហារដោយកម្តៅលើកុមារគ្រប់វ័យ?
- ហៅរថយន្តគិលានសង្គ្រោះ/គ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកសង្ស័យថាកុមាររងការវាយប្រហារដោយកម្តៅ ។
- មុននឹងអ្នកជំនាញមកដល់ សូមយកកុមារទៅកាន់ម្លប់ភ្លាមៗ ឬយកគាត់ចេញពីបន្ទប់ រថយន្ត ឬយានជំនិះផ្សេងទៀតដែលមានកម្ដៅខ្លាំងហួសហេតុ ។ បើអាច សូមដាក់កុមារក្នុងបន្ទប់ដែលមានខ្យល់អាកាសគ្រប់គ្រាន់ មានម៉ាស៊ីនត្រជាក់។
- ដាក់កុមារនៅកន្លែងស្រួលបួល – ដោះសម្លៀកបំពាក់ណាដែលមិនចាំបាច់ចេញទាំងអស់ ។
- ផ្តល់សារធាតុរាវខ្លះដល់កុមារភ្លាមៗ – ទឹកគឺជាជម្រើសដ៏ល្អបំផុត ប្រសិនបើលក្ខខណ្ឌអនុញ្ញាត ។
- លាងមុខ និងដងខ្លួនរបស់កុមារដោយទឹកក្តៅឧណ្ហៗ ។ ប្រសិនបើមិនមានទឹក សូមដាក់កុមារឲ្យចំរន្តខ្យល់ (ឧទា. ធ្វើឱ្យគាត់ត្រជាក់ដោយប្រើកង្ហារ) ។
- ដាក់ដុំទឹកកកខ្លះដែលរុំដោយក្រណាត់ ឬក្រណាត់ត្រជាក់នៅលើក្បាលរបស់កុមារ ។
- សូម្បីតែប៉ុន្មានសប្តាហ៍បន្ទាប់ពីស្ត្រូកកម្តៅ កុមារងាយនឹងទទួលរងសីតុណ្ហភាពខ្ពស់ ដូច្នេះគេគួរណែនាំកុមារឱ្យស្ថិតនៅក្នុងបន្ទប់ត្រជាក់ និងបន្ថយសកម្មភាពរាងកាយ ។
មិនត្រូវទុកកូនរបស់អ្នកចោលក្នុងរថយន្តដែលមានកម្តៅទេ - សូម្បីតែពីរបីនាទីក៏ដោយ
- ស្ថានភាពដែលមានគ្រោះថ្នាក់ជាពិសេសសម្រាប់កុមារនៅក្នុងរដូវក្តៅ គឺសូម្បីតែការស្ថិតនៅក្នុងឡានក្នុងរយៈពេលខ្លីក្តី ។ សីតុណ្ហភាពរាងកាយរបស់កុមារកើនឡើងបីទៅប្រាំដងលឿនជាងមនុស្សពេញវ័យ ។ សីតុណ្ហភាពនៅក្នុងរថយន្តអាចកើនឡើងចំនួន ២០ ដឺក្រេក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ ។ នៅពេលដែលគេទុកកុមារចោលក្នុងយានជំនិះកណ្តាលថ្ងៃក្នុងរដូវក្តៅ សីតុណ្ហភាពរាងកាយរបស់គាត់កើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះ កុមារអាចនឹងស្លាប់បានក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ ។ មិនត្រូវទុកកុមារចោលរថយន្ត - ទោះបីជាបង្អួចត្រូវបានបើកចំហខ្លះក្តី ឬម៉ាស៊ីនរថយន្តកំពុងដំណើរការ ដែលមានបើកម៉ាស៊ីនត្រជាក់ក៏ដោយ ។
- រក្សាទម្លាប់ពិនិត្យមើលរថយន្តទាំងមូល – ខាងមុខ និងខាងក្រោយ – មុនពេលចាកចេញពីរថយន្ត និងចាក់សោទ្វារ ។
- ទុកសោរថយន្តរបស់អ្នកឱ្យឆ្ងាយពីដៃរបស់កុមារ ហើយបង្រៀនកុមារថា រថយន្តមិនមែនជាប្រដាប់ក្មេងលេងនោះទេ ។
- ចាក់សោទ្វារ និងឃ្លប់ខាងក្រោយរថយន្តរបស់អ្នកគ្រប់ពេលវេលា ដើម្បីកុំឱ្យកុមារចូលក្នុងរថយន្តដោយគ្មានអ្នកមើល ។
- ប្រសិនបើអ្នកឃើញកុមារតែម្នាក់ឯងនៅក្នុងរថយន្តដែលចាក់សោ ចូរយកគាត់ចេញភ្លាម ហៅរថយន្តគិលានសង្គ្រោះ ហើយធ្វើឲ្យគាត់ត្រជាក់ ។

Sources:
Report: The Climate Crisis is a Child Rights Crisis”, UNICEF 2021
Intergovernmental Panel on Climate Change – IPCC
Climate landscape analysis and its impacts on children in Serbia